(កូប៉ិនហាក)៖ ក្រុមប្រទេសលោកខាងលិច នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានសន្យាផ្ដល់ជំនួយយោធា ១.៥៥ពាន់លានដុល្លារជាលុយសុទ្ធ បរិក្ខារ និងការបណ្ដុះបណ្ដាលសមត្ថភាពយោធាអ៊ុយក្រែន ដើម្បីប្រយុទ្ធតតាំងជាមួយទាហានរុស្ស៉ីនៅក្នុងសង្រ្គាមសព្វថ្ងៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០២២។

ជំនួយខាងលើត្រូវបានសន្យាផ្ដល់ឱ្យដោយប្រទេសចំនួន ២៦ នៅឯសន្និសីទមួយក្នុងទីក្រុងកូប៉ិនហាក ប្រទេសដាណឺម៉ាក ហើយជំនួយនេះទៀតសោត នឹងត្រូវបានប្រើប្រាស់ក្នុងការផ្គត់ផ្គង់ដល់អាវុធ មីស៊ីល និងគ្រាប់រំសេវដែលស្រាប់ ព្រមទាំងបង្កើនការផលិតអាវុធសម្រាប់អ៊ុយក្រែន ក៏ដូចជាបណ្ដុះបណ្ដាលទាហានអ៊ុយក្រែន និងការដោះមីនផងដែរ។

ថ្លែងនៅក្នុងសន្និសីទនោះដែរ រដ្ឋមន្ត្រីការពារជាតិដាណឺម៉ាក លោក ម័រធិន បូដស្កូវ (Morten Bodskov) បានឱ្យដឹងថារដ្ឋមន្ត្រីការពារជាតិប៉ូឡូញ ស្លូវ៉ាគី និងសាធារណរដ្ឋឆែក ក៏បានបង្ហាញពីចេតនាបង្កើនការផលិតកាំភ្លើងធំ គ្រាប់ និងបរិក្ខារយោធាដទៃទៀតបញ្ជូនឱ្យអ៊ុយក្រែនផងដែរ។

ការប្រកាសពីការសន្យាផ្ដល់ជំនួយខាងលើដោយបណ្ដាប្រទេសលោកខាងលិច កើតមានឡើងចំពេលអ៊ុយក្រែនបានទទូចសុំម្ដងហើយម្ដងទៀតឱ្យ លោកខាងលិចបញ្ជូនអាវុធបន្ថែមមកឱ្យទាហានរបស់ខ្លួន ក្នុងនោះរួមមានប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយ ខណៈពួកគេកំពុងព្យាយាមវាយបកលើ ទាហានរុស្ស៉ី៕