(ឡុងដ៏)៖ ចក្រភពអង់គ្លេសនៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសថា នឹងផ្គត់ផ្គង់ប្រព័ន្ធបាញ់រ៉ុក្កែតបន្ថែមទៀត ឲ្យដល់អ៊ុយក្រែន ដែលអាចវាយប្រហារគោលដៅរហូតដល់ចម្ងាយ ៨០គីឡូម៉ែត្រ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០២២។
រដ្ឋមន្រ្តីការពារជាតិអង់គ្លេស លោក បិន វ៉ាឡេស (Ben Wallace) បាននិយាយថា ការផ្គត់ផ្គង់អាវុធខាងលើនេះ នឹងជួយអ៊ុយក្រែនដើម្បីប្រឆាំងនឹង សព្វាវុធទំនើបៗរបស់រុស្ស៉ី។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក វ៉ាឡេស បានគូសបញ្ជាក់ថា «ការគាំទ្រចុងក្រោយបង្អស់នេះនឹងអនុញ្ញាត ឲ្យកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបន្តការពារ ប្រឆាំងការឈ្លានពានរបស់រុស្ស៉ី ដែលបានប្រើប្រាស់កាំភ្លើងធំរយៈចម្ងាយឆ្ងាយ ដោយគ្មានការរើសអើង។ ការបន្តគាំទ្ររបស់យើង ជាសារមួយបង្ហាញយ៉ាងច្បាស់ថា ចក្រភពអង់គ្លេស និងអន្តរជាតិ នៅតែប្រឆាំងចំពោះសង្រ្គាមខុសច្បាប់ ហើយនឹងធ្វើជាស្មាបង្អែកតាមរយៈការផ្តល់ជំនួយយោធា សម្រាប់អ៊ុយក្រែន»។
គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមផ្ទុះឡើង នៅថ្ងៃទី២៤ ខែកុម្ភៈ អង់គ្លេសបានបញ្ជូនជំនួយផ្នែកយោធា សរុបប្រមាណ ជាង២ពាន់លានដុល្លារ ដល់អ៊ុយក្រែន ដែលមានចំនួនច្រើនជាងគេបន្ទាប់ពីសហរដ្ឋអាមេរិក៕