(ប៉េកាំង)៖ ក្នុងសៀវភៅសស្តីពី «បញ្ហាតៃវ៉ាន់និងបុព្វហេតុបង្រួបបង្រួមប្រទេសចិន នៅយុគសម័យថ្មី» ដែលប្រទេសចិនបានចេញផ្សាយកាលពីថ្ងៃទី១០ ខែកក្កដា មានពាក្យមួយឃ្លាថា «រឿងរបស់ចិនចាំបាច់ត្រូវសម្រេច ដោយប្រជាជនចិនខ្លួនឯង»។ ពាក្យដ៏ម៉ឺងមាត់នេះបានបញ្ចេញសញ្ញាយ៉ាងច្បាស់ថា បញ្ហាតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុងរបស់ចិន ពាក់ព័ន្ធដល់ផលប្រយោជន៍ជាស្នូលរបស់ចិន និងមនោសញ្ចេតនាជនជាតិរបស់ប្រជាជនចិន មិនអនុញ្ញាតឱ្យកម្លាំងខាងក្រៅណាមួយ មកជ្រៀតជ្រែកជាដាច់ខាត។
ប្រទេសចិនចេញផ្សាយសៀវភៅស មិនគ្រាន់តែជាការតបតវិញយ៉ាងខ្លាំងក្លា ចំពោះដំណើរទស្សនកិច្ច នៅតៃវ៉ាន់របស់លោកស្រី Pelosi ប៉ុណ្ណោះទេ ថែមទាំងក៏បានបង្ហាញឱ្យឃើញ នូវយុទ្ធសាស្ត្រជាទូទៅរបស់ប្រទេសចិន សម្រាប់សម្រេចបញ្ហាតៃវ៉ាន់ ក្នុងយុគសម័យថ្មីផងដែរ ហើយក៏បានបំពេញបន្ថែមកម្លាំងចលករដល់ វិបុលភាពនិងស្ថិរភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក រហូតដល់ពិភពលោកទាំងមូលផងដែរ។
តើគោលការណ៍ប្រទេសចិនតែមួយជាអ្វី? ចម្លើយមានតែមួយគឺ៖ នៅលើពិភពលោកមានប្រទេសចិនតែមួយ តៃវ៉ាន់ជាចំណែកមួយរបស់ប្រទេសចិន ដែលមិនអាចពុះបំបែកបាន សាធារណរដ្ឋប្រជាមានិតចិន ជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ ដែលអាចតំណាងឱ្យប្រទេសចិនទាំងមូល។
សំដៅចំពោះដំណើរទស្សនកិច្ចនៅតៃវ៉ាន់ របស់លោកស្រី Pelosi ប្រទេសចំនួនជាង១៧០ និងអង្គការអន្តរជាតិជាច្រើន បានសម្តែងការគាំទ្រ ដល់គោលជំហររបស់ចិន និងគាំទ្រគោលការណ៍ប្រទេសចិនតែមួយ ប្រការនេះបានបង្ហាញ យ៉ាងពេញលេញថា បញ្ហាតៃវ៉ាន់មានប្រវត្តិសាស្ត្រយ៉ាងច្បាស់លាស់ មានការពិតជាក់ស្តែងនិងភាពយុតិ្តធម៌ យ៉ាងច្បាស់លាស់ផងដែរ។
ក្នុងនាមជាបញ្ហាដែលបន្សល់ទុកពី សង្គ្រាមក្នុងស្រុកចិន គិតរហូតដល់បច្ចុប្បន្ននេះ បញ្ហាតៃវ៉ាន់នៅមិនទាន់ដោះស្រាយ នៅឡើយទេ មូលហេតុសំខាន់ គឺដោយមកពីរងការប៉ះពាល់ពីកម្លាំងខាងក្រៅ ពោលគឺរងការរារាំងពីអាមេរិក។ បន្ទាប់ពីចិននិងអាមេរិក បានបង្កើតទំនាក់ទំនងការទូត អាមេរិកបានប្រឌិតអ្វីដែលហៅថា «ច្បាប់ស្តីពីទំនាក់ទំនងជាមួយតៃវ៉ាន់» និង «ការធានា៦ចំណុចចំពោះតៃវ៉ាន់» ក្នុងន័យបង្កបង្កើត «លេសខាងផ្លូវច្បាប់» សម្រាប់ឃុបឃិតជាមួយកម្លាំង «អបគមន៍តៃវ៉ាន់» និងបង្ករឿងហេតុ។
ប៉ុន្មានឆ្នាំកន្លងមក ទង្វើរបស់អាមេរិកដែលចង់សាបសូន្យ និងបដិសេធគោលការណ៍ប្រទេសចិនតែមួយ មានភាពកាន់តែលេចធ្លោ។ ចាប់ពីបានជំរុញការលក់អាវុធ ទៅឱ្យតៃវ៉ាន់ឥតឈប់ឈរ ដល់ជួយតៃវ៉ាន់ពង្រីកអ្វីដែលហៅថា «ចន្លោះអន្តរជាតិ» រហូតដល់បណ្តែតបណ្តោយញុះញង់ឱ្យលោកស្រី Pelosi ជាដើមធ្វើដំណើរទស្សនកិច្ចនៅតៃវ៉ាន់ អាមេរិកបានបង្កឧបសគ្គជាបន្ត បន្ទាប់ដើម្បីទប់ស្កាត់ប្រទេសចិន សម្រេចបាននូវការបង្រួបបង្រួមដូច្នេះ អាមេរិកបានក្លាយជាអ្នកបំផ្លិចបំផ្លាញ សន្តិភាពដ៏ធំបំផុតនៅតំបន់ច្រកសមុទ្រតៃវ៉ាន់ទៅហើយ។
សៀវភៅសនេះបានគ្រោងជាប្រព័ន្ធជាលើកដំបូង នូវអនាគតនៃការសម្រេចបាន នូវការបង្រួបបង្រួមត្រើយទាំងសងខាង តាមគោលការណ៍ប្រទេសមួយ មានប្រព័ន្ធគ្រប់គ្រងពីរ ក្នុងនោះបូករួមទាំងចន្លោះអភិវឌ្ឍន៍តៃវ៉ាន់នឹង មានភាពកាន់តែទូលំទូលាយ ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ជនរួមជាតិតៃវ៉ាន់ នឹងទទួលបានការធានាយ៉ាងពេញលេញ រួមគ្នាជំរុញភាពរុងរឿងនិងថ្កុំថ្កើង របស់ប្រជាជាតិចិន និងមានអំណោយផលដល់សន្តិភាព និងវឌ្ឍនភាពរបស់តំបន់អាស៊ីប៉ាស៊ីហ្វិក រហូតដល់ពិភពលោកទាំងមូលជាដើម។
រឿងរបស់ចិនចាំបាច់ត្រូវសម្រេចដោយប្រជាជនចិនខ្លួនឯង។ ប្រទេសចិនពិតជានឹងសម្រេចបាន នូវភារកិច្ចជាប្រវត្តិសាស្ត្រ នៃបង្រួបបង្រួមជាក់ជាមិនខាន បើសិនជាអ្នកដែលលេងឧបាយកល «ស្វែងរកឯករាជ្យតៃវ៉ាន់ដោយពឹងផ្អែកអាមេរិក» និង «ទប់ស្កាត់ប្រទេសចិនដោយយកបញ្ហាតៃវ៉ាន់ធ្វើជាលេស» មិនអាចមើលឃើញនិន្នាការប្រវត្តិសាស្ត្រនេះឱ្យបានច្បាស់ នោះគួរតែអានសៀវភៅសនេះឱ្យបានល្អ និងត្រូវរៀនមេរៀនប្រវត្តិសាស្ត្រជាថ្មីម្តងទៀត៕
វិទ្យុមិត្តភាពកម្ពុជាចិន