(តៃប៉ិ)៖ អ្នកនាំពាក្យយោធារបស់តៃវ៉ាន់ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងប្រដាប់អាវុធតៃវ៉ាន់ បានបញ្ចប់សមយុទ្ធយោធារយៈពេលពីរថ្ងៃ នោះគឺការហាត់សមបាញ់កាំភ្លើងធំ នៅភាគខាងត្បូងនៃដែនកោះនេះ។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០២២។
ដំណាក់កាលទី១ នៃសមយុទ្ធយោធាខាងលើ ត្រូវបានធ្វើឡើងកាលពីថ្ងៃអង្គារសប្តាហ៍នេះ ខណៈលើទី២គឺធ្វើឡើង នៅថ្ងៃព្រហស្បតិ៍នេះ។ យោធាតៃវ៉ាន់ បានអនុវត្តលំហាត់បាញ់គ្រាប់ពិត ប្រព័ន្ធកាំភ្លើងធំ ហោវីសឺ (howitzer) ប្រភេទ ១៥៥មីលីម៉ែត្រ និងកំាភ្លើងត្បាល់ ប្រភេទ១២០មីលីម៉ែត្រ នៅក្រោមសេណារីយ៉ូការពារខ្លួន ពីការវាយប្រហាររបស់សត្រូវ។ ទីក្រុងប៉េកាំងបានអះអាងថា នេះគឺសមយុទ្ធ ដែលរៀបចំជាទៀតទាត់ ហើយត្រូវបានគេគ្រោងយូរមកហើយ មុនពេលមាន សមយុទ្ធយោធារបស់កងទ័ពចិន ដែលបានប្រព្រឹត្តឡើងនាពេលថ្មីៗនេះ ទៅទៀត។
គួរបញ្ជាក់ថា កងទ័ពតៃវ៉ាន់គ្រោងនឹងរៀបចំសមយុទ្ធបន្ថែមទៀត នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ដែលនឹងរួមមានការដាក់ពង្រាយ កងកម្លាំងលបបាញ់, កងកម្លាំងពិសេស, កងកម្លាំងថ្មើរជើង, រថពាសដែក និងកាំភ្លើងត្បាល់។ មិនតែប៉ុណ្ណោះ ក៏មានការចូលរួមពី ឧទ្ធម្ភាគចក្រប្រយុទ្ធ ប្រភេទ ស៊ូភើកូប្រា (Super Cobra) និង អាផាឆេ (Apache) ផងដែរ៕