(វ៉ាស៉ីនតោន)៖ ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី (Nancy Pelosi) កាលពីថ្ងៃពុធសប្តាហ៍នេះ បានលើកឡើងថា សហរដ្ឋអាមេរិកមិនអាចអនុញ្ញាតដាច់ខាត ឱ្យចិនប្រែក្លាយការដាក់សម្ពាធកម្រិតថ្មី ទៅលើកោះតៃវ៉ាន់ ដូចដែលគ្រប់គ្នាបានឃើញ តាមរយៈការធ្វើសមយុទ្ធយោធាច្រើនថ្ងៃ ក្រោយដំណើរទស្សនកិច្ចរបស់លោកស្រីនៅដែនកោះនេះ ឱ្យទៅជាទម្លាប់ធម្មតាមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០២២។
លោកស្រី ផេឡូស៉ី បានលើកឡើងដូចខាងលើ កំលុងសន្និសីទសារព័ត៌មានមួយ ក្រោមវត្តមានរបស់សមាជិកសភាតំណាងរាស្រ្ត មកពីបក្សប្រជាធិបតេយ្យ៤នាក់ទៀត ដែលបានអមដំណើរលោកស្រី កំលុងការបំពេញទស្សនកិច្ចនៅតំបន់អាស៉ី នាសប្តាហ៍មុន។ លោកស្រីប្រធានសភាអាមេរិក បាននិយាយយ៉ាងដូច្នេះថា «អ្វីដែលយើងបានឃើញជាមួយចិន គឺពួកគេកំពុងព្យាយាមបង្កើតនូវ ទម្លាប់ដាក់សម្ពាធថ្មីមួយ ហើយយើងមិនអាចអនុញ្ញាតឱ្យរឿងនោះ កើតឡើងបានឡើយ»។ លោកស្រី បានបន្តថា «យើងបានទៅទីនោះ ដើម្បីស្ងើចសរសើរតៃវ៉ាន់ ដើម្បីបង្ហាញភាពចំណងមិត្តភាព និងដើម្បីនិយាយថា ចិនមិនអាចធ្វើឱ្យតៃវ៉ាន់ នៅឯកោនោះទេ»។
គួរបញ្ជាក់ថា ដោយខឹងសម្បារជាខ្លាំង ចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៉ី នៅតៃវ៉ាន់ ចិនបានបើកការធ្វើសមយុទ្ធយោធា ក្នុងទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន នៅជុំវិញតៃវ៉ាន់ ដែលរួមមានទាំងការបាញ់ផ្លោងមីស៉ីលបាលីស្ទីគ ហោះរំលងដែនកោះនេះ ជាលើកដំបូងផងដែរ។ យោធាចិនទើបតែបានប្រកាសបិទបញ្ចប់សមយុទ្ធវិញ កាលពីថ្ងៃពុធសប្តាហ៍នេះប៉ុណ្ណោះ ប៉ុន្តែបានឱ្យតំរុយថា ខ្លួនប្រហែលជានឹងនៅបន្ត ដាក់សម្ពាធលើកោះតៃវ៉ាន់ តាមរយៈការល្បាត និងធ្វើលំហាត់យោធាជាប្រចាំ នៅក្បែរៗតៃវ៉ាន់៕