(ប៉េកាំង)៖ ថ្ងៃទី១០ ខែសីហា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មាន ជាប្រចាំ។ មានអ្នកយកព័ត៌មានបានសួរថា កាលពីថ្ងៃទី ៩ ខែសីហា ទីភ្នាក់ងារសារព័ត៌មាន Xinhua ចិនបានចេញផ្សាយរបាយការណ៍ ស្តីពីការពិតអំពីការដែលសហរដ្ឋអាមេរិក បង្ខិតបង្ខំឱ្យធ្វើពលកម្មនៅក្នុងនិងក្រៅប្រទេស ។ តើអ្នកនាំពាក្យមានការអធិប្បាយអ្វីខ្លះចំពោះរឿងនេះ?
លោក Wang Wenbin បានថ្លែងថា របាយការណ៍នេះបង្ហាញតាមមុំច្រើន នូវការពិតជាប្រវត្តិសាស្ត្រ និងអំពើអាក្រក់ដ៏ពិតប្រាកដជាច្រើន របស់សហរដ្ឋអាមេរិកដែលបានបង្ខិតបង្ខំឱ្យធ្វើពលកម្ម ក្នុងរយៈពេលជាង ២០០ ឆ្នាំ បន្ទាប់ពីការបង្កើតប្រទេសមក ហើយវាទទួលបានការយកចិត្តទុកដាក់ពីមនុស្សគ្រប់គ្នា។
លោកសូមឆ្លៀតឱកាសនេះ ដើម្បីអធិប្បាយពី ចំណុចមួយចំនួនដូចខាងក្រោមនេះ៖ ទីមួយ ការបង្ខិតបង្ខំឱ្យធ្វើពលកម្មដើរទន្ទឹមគ្នាជាមួយ នឹងប្រវត្តិសាស្រ្តនៃការបង្កើតប្រទេស និងការប្រមូលផ្តុំដើមទុនដំបូងរបស់សហរដ្ឋអាមេរិក។ ទីពីរ ក្នុងស្រុកសហរដ្ឋអាមេរិកមាន អំពើអាក្រក់ជាច្រើនដើម្បីបង្ខំឱ្យធ្វើពលកម្ម។ ទីបី ផលប៉ះពាល់អវិជ្ជមាននៃការបង្ខំឱ្យធ្វើពលកម្ម នៅសហរដ្ឋអាមេរិក បានបង្កឱ្យមានការជួញដូរមនុស្សឆ្លងដែន និងការរំលោភសិទ្ធិមនុស្សរបស់ប្រទេសដទៃទៀតជាដើម។
ទីបួន សហគមន៍អន្តរជាតិផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះស្ថានភាពនៃការបង្ខំឱ្យធ្វើពលកម្ម ក្នុងសង្គមអាមេរិក។
ការពិតបានបញ្ជាក់ថា សហរដ្ឋអាមេរិកមានបញ្ហាសិទ្ធិមនុស្សធ្ងន់ធ្ងរ ដូចជាការបង្ខំឱ្យធ្វើពលកម្មជាដើម។ ប្រសិនបើសហរដ្ឋអាមេរិក យកចិត្តទុកដាក់យ៉ាងប្រាកដប្រជា ចំពោះសិទ្ធិមនុស្ស នោះក៏ត្រូវតែប្រកាន់អាកប្បកិរិយាដ៏ត្រឹមត្រូវ និងគិតពិចារណាកំហុសខ្លួនឡើងវិញ ពីបញ្ហាបង្ខំឱ្យធ្វើពលកម្ម៕