(បាងកក)៖ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក សៃហ្វូដឌីន អាប់ឌុលឡោះ (Saifuddin Abdullah) បានជំរុញឱ្យបណ្ដាប្រទេសជាសមាជិកអាស៊ានធ្វើកិច្ចសន្ទនា ដោយផ្ទាល់ជាមួយក្រុមប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ា ហើយថាបេសកជនពិសេសអាស៊ានសម្រាប់មីយ៉ាន់ម៉ា គួរតែមានអាណត្តិលើសពីមួយឆ្នាំ ដើម្បីអាចបំពេញ ការងារឱ្យមានប្រសិទ្ធភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០២២។

លោក សៃហ្វូដឌីន ធ្វើការកត់សម្គាល់ខាងលើ នាឱកាសបំពេញទស្សនកិច្ចនៅក្នុងប្រទេសថៃ នៅថ្ងៃពុធសប្ដាហ៍នេះ។ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីរូបនេះ បានគូសបញ្ជាក់ដូច្នេះថា «វាពិតជារឿងសំខាន់បំផុត និងប្រកបដោយសីលធម៌ដែលប្រទេសជាសមាជិកអាស៊ានត្រូវគាំទ្រប្រជាជនមីយ៉ាន់ម៉ា ហើយមានកិច្ចសន្ទនា ជាមួយក្រុមប្រឆាំងដែលត្រូវបានបង្កើតឡើងនៅក្រោយរដ្ឋប្រហារ ក្នុងនោះរួមមានទាំាងរដ្ឋាភិបាលស្រមោលដែលរបបយោធាចាត់ទុកថាជាអង្គការក្រៅច្បាប់។ ប៉ុន្តែ បច្ចុប្បន្ន យើងមានកិច្ចសន្ទនាជាមួយតែភាគីម្ខាងប៉ុណ្ណោះ នោះគឺរបបយោធា»។

គួរបញ្ជាក់ថា បើតាមលោក សៃហ្វូដឌីន អាប់ឌុលឡោះ ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីសប្ដាហ៍មុនបានពិភាក្សាគ្នាពីលទ្ធភាពក្នុងការស្វែងរកភាគីទី៣ ដើម្បី ជួយអាស៊ានក្នុងការស្វែងរកដំណោះស្រាយតាមរយៈការផ្លូវការទូត បញ្ចប់វិបត្តិនៅមីយ៉ាន់ម៉ា៕