(សេអ៊ូល)៖ ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺអ្នកនាង គីម យូចុង បានគំរាមកម្ទេចអាជ្ញាធរនៅក្នុងប្រទេសកូរ៉េខាងត្បូង ប្រសិនបើពួកគេបន្តបង្ករឿងតាមរយៈការបញ្ជូនវីរុសកូរ៉ូណាកូវីដ១៩ ចូលទឹកដីកូរ៉េខាងជើង។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០២២។
ការគំរាមរបស់អ្នកនាង គីម យូចុង ត្រូវបានដកស្រង់ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA និងជាការឆ្លើយតបទៅនឹងទង្វើដែលអ្នកនាងផ្ទាល់ ចោទថាអាជ្ញាធរកូរ៉េខាងត្បូងបានបញ្ជូនវីរុសកូរ៉ូណាកូវីដ១៩ តាមរយៈការបើកដៃឱ្យក្រុមសកម្មជនកូរ៉េខាងត្បូងបង្ហោះខិតប័ណ្ណរិះគន់របបដឹកនាំលោក គីម ជុងអ៊ុន ចូលក្នុងប្រទេសកូរ៉េខាងជើង។ ប្អូនស្រីមេដឹកនាំកូរ៉េខាងជើងរូបនេះបានគូសបញ្ជាក់ដូច្នេះថា «យើងមិនអាចនៅស្ងៀមដោយបណ្ដោយឱ្យសំរាមបន្តហូរ ពីកូរ៉េខាងត្បូងទៀតនោះទេ ហើយនឹងកម្ទេចអាជ្ញាធរសេអ៊ូល ប្រសិនបើពួកគេនៅតែបង្ករឿងបែបនេះ។ វិធានការឆ្លើយតបរបស់យើងគឺជាការសងសឹក ដ៏សាហាវបំផុត»។
ឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់អ្នកនាង គីម យូចុង អាជ្ញាធរកូរ៉េខាងត្បូងបានបង្ហាញការសោកស្ដាយជាខ្លាំងចំពោះការចោទប្រកាន់របស់អ្នកនាង គីម យូចុងដែលបានទម្លាក់កំហុសលើខិតប័ណ្ណ ដែលក្រុមសកម្មជនកូរ៉េខាងត្បូងបង្ហោះតាមបាឡុងចូលកូរ៉េខាងជើងជាមូលហេតុនៃការឆ្លងរាលដាលកូវីដ១៩។
គួរបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃព្រហស្បតិ៍នេះដែរ បានប្រកាសពីជ័យជម្នះក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ហើយបានបញ្ជាឱ្យ លុបចោលវិធានការទប់ស្កាត់នានាដែលបានដាក់ចេញកាលពីខែឧសភាកន្លងទៅ។