(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសពីជ័យជម្នះក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ហើយបានបញ្ជាឱ្យ លុបចោលវិធានការទប់ស្កាត់នានាដែលបានដាក់ចេញកាលពីខែឧសភាកន្លងទៅ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០២២។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA មិនបានបញ្ជាក់ថាតើកូរ៉េខាងជើងមានករណីឆ្លងកូវីដ១៩សរុបចំនួនប៉ុន្មានដែលត្រូវបានរកឃើញនោះទេ។ ក៏ប៉ុន្តែ ចាប់តាំងពីថ្ងៃទី២៩ ខែកក្កដាមក ប្រទេសមួយនេះមិនបានរាយការណ៍ពីករណីឆ្លងកូវីដថ្មីៗឡើយ ខណៈអង្គការអន្តរជាតិជាច្រើនអះអាងថាអាចមានជាប់ ពាក់ព័ន្ធនឹងសមត្ថភាពក្នុងការធ្វើតេស្ដរកជំងឺឆ្លងនេះ។
យ៉ាងណាក៏ដោយ បើតាម KCNA លោក គីម ជុងអ៊ុន បានបញ្ជាក់ថាចំនួនអ្នកស្លាប់ផ្លូវការមានចំនួន៧៤នាក់ ជាតួលេខដែលលោក គីមផ្ទាល់ចាត់ទុកថាជាកិច្ច ខិតខំប្រឹងប្រែងដ៏អស្ចារ្យមិនធ្លាប់មាន បើធៀបទៅនឹងបណ្ដាប្រទេសដទៃនៅជុំវិញពិភពលោក៕