(សិង្ហបុរី)៖ ប្រធានាធិបតីស្រីលង្កា លោក ហ្កោតាបាយ៉ា រ៉ាចាប៉ាក់សា (Gotabaya Rajapaksa) ត្រូវគេរំពឹងថានឹងធ្វើដំណើរទៅដល់ ប្រទេសថៃនាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ខណៈវានឹងក្លាយជាគោលដៅជ្រកកោនបណ្តោះអាសន្នទី២ របស់លោក នៅតំបន់អាស៊ាន គិតចាប់តាំងពីអតីតមេដឹកនាំរូបនេះ បានរត់ភៀសខ្លួនចេញពីប្រទេសស្រីលង្កា កាលពីខែកក្កដា ចំពោះមុខការធ្វើបាតុកម្មដ៏កក្រើក ពីសំណាក់ប្រជាជន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២។
បន្ទាប់ពីភាពវឹកវរបានផ្ទុះឡើង នៅចំពោះមុខវិបត្តិសេដ្ឋកិច្ចអាក្រក់បំផុត ក្នុងប្រវត្តិសាស្រ្តស្រីលង្កា រួមមានទាំងការចូលលុកលុយរបស់ក្រុមបាតុកម្ម នៅវិមានប្រធានាធិបតី លោក រ៉ាចាប៉ាក់សា បានរត់គេចខ្លួនដំបូងទៅកាន់ ប្រទេសដីកោះម៉ាល់ឌីវ។ ក្រោយមក លោកក៏បានបន្តដំណើរទៅកាន់ ប្រទេសសិង្ហបុរី កាលពីថ្ងៃទី១៤ ខែកក្កដា។ រួចហើយ លោក រ៉ាចាប៉ាក់សា ក៏បានលាលែងពីតំណែងជាផ្លូវការ ដោយក្លាយជា ប្រធានាធិបតីស្រីលង្កាដំបូងបំផុត ដែលចុះចេញពីអំណាច នៅពាក់កណ្តាលអាណត្តិបែបនេះ។
គួរបញ្ជាក់ថា បើតាមប្រភពចំនួន២ ដែលទីភ្នាក់ងារសារព័ត៌មាន Reuters ទទួលបាន គឺលោក រ៉ាចាប៉ាក់សា ត្រូវគេរំពឹងថានឹងធ្វើដំណើរចេញពីសិង្ហបុរី ហើយឆ្ពោះទៅកាន់រាជធានីបាងកកនៃប្រទេសថៃ នាថ្ងៃព្រហស្បតិ៍ស្អែក។ ពាក់ព័ន្ធនឹងការអះអាងថា ក្រសួងការបរទេសស្រីលង្កា មិនទាន់បានឆ្លើយតបចំណោះ សំណើសុំការអត្ថាធិប្បាយនៅឡើយទេ។ រីឯអ្នកនាំពាក្យរដ្ឋាភិបាលថៃវិញ បានប្រាប់ Reuters ថា ខ្លួនពុំមានការអត្ថាធិប្បាយអ្វីទាំងអស់៕