(វ៉ាស៉ីនតោន)៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុម័តជំនួយចំនួន៨៩លានដុល្លារ ដើម្បីជួយអ៊ុយក្រែនបំពាក់ឧបករណ៍ និងបណ្តុះបណ្តាលដល់ក្រុមការងារចំនួន ១០០នាក់ ដើម្បីបោសសម្អាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សម្រាប់រយៈពេល ១ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២។
ដោយដកស្រង់ពីប្រភពពីមន្រ្តីអាមេរិកមួយរូប Reuters បានឲ្យដឹងថា មូលនិធិខាងលើនេះ គឺជាកម្មវិធីផ្តល់ជំនួយសម្រាប់ កម្មវិធីដោះមីនដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក ដែលមិនធ្លាប់មាននៅអ៊ុយក្រែន ហើយមន្រ្តីអាមេរិករូបនេះ បានធ្វើការប្រៀបធៀប កិច្ចប្រឹងប្រែងបោសគ្រាប់មិនទាន់ផ្ទុះរបស់អ៊ុយក្រែន ទៅនឹងប្រទេសមួយចំនួនទៀត ក្រោយសង្រ្គាមសហរដ្ឋអាមេរិក នៃទសវត្សរ៍ឆ្នាំ១៩៦០និង១៩៧០ នៅអាស៉ីអាគ្នេយ៍។
កម្មវិធីនេះនឹងដំណើរការទៅតាមរយៈក្រុមហ៊ុនម៉ៅការ និងអង្គការមិនមែនរដ្ឋាភិបាល ហើយវានឹងមិនត្រឹមតែផ្តល់ មូលនិធិសម្រាប់ការបណ្តុះបណ្តាលប៉ុណ្ណោះទេ ប៉ុន្តែរួមមានទាំងការផ្តល់ឧបករណ៍រុករកមីនពិសេស និង ឧបរកណ៍ផ្សេងៗទៀត ប្រសិនបើចាំបាច់។ បើតាមការប៉ាន់ប្រមាណរបស់ទីក្រុងកៀវ គឺផ្ទៃដីអ៊ុយក្រែនប្រហែល ១៦០,០០០ គីឡូម៉ែត្រក្រឡា ទាមទារឱ្យមានការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ។
គួរបញ្ជាក់ថា យោងតាមរបាយការណ៍របស់ក្រសួងការបរទេសអាមេរិក បានឱ្យដឹងថា សហរដ្ឋអាមេរិកគឺជាអ្នកគាំទ្រ ផ្នែកហិរញ្ញវត្ថុធំជាងគេ សម្រាប់ការបំផ្លាញអាវុធយុទ្ធភណ្ឌ ហើយបានផ្តល់ជំនួយជាង ៤.២ ពាន់លានដុល្លារដល់ប្រទេសជាង ១០០ ចាប់ពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ២០២១ សម្រាប់កិច្ចប្រឹងប្រែងបែបនេះ៕