(ប៉េកាំង)៖ កាលពីខែសីហា ឆ្នាំ២០២១ សហរដ្ឋអាមេរិកដកទ័ពចេញពី អាហ្វហ្កានីស្ថានដោយមិនទទួលខុសត្រូវ បានបណ្តាលឱ្យប្រជាជនអាហ្វហ្កានីស្ថានរាប់ពាន់រាប់ម៉ឺននាក់ ដែលមានការភ័យខ្លាចយ៉ាងខ្លាំង បានសម្រុកចូលក្នុងព្រលានយន្តហោះកាប៊ុល។ ប៉ុន្តែយន្តហោះដឹកជញ្ជូន C-១៧ នៃកងទ័ពអាមេរិកបានហោះឡើង ដោយមិនអើពើសុវត្ថិភាពរបស់ប្រជាជន បណ្តាលឱ្យប្រជាជនជាច្រើន បានធ្លាក់ចុះពីយន្តហោះ គិតមកទល់បច្ចុប្បន្ននេះ រូបភាពដ៏ឃោរឃៅនិងជូរចត់ នោះនៅតែគួរឱ្យព្រឺព្រួចដដែល។ នេះគ្រាន់តែជាមួយជ្រុងតូច នៃករណីដែលសហរដ្ឋអាមេរិកបង្កភាពចលាចល នៅមជ្ឈិមបូព៌ានិងតំបន់ជុំវិញប៉ុណ្ណោះ។

កាលពីថ្ងៃទី៩ខែសីហា សមាគមសិក្សាស្រាវជ្រាវសិទ្ធិមនុស្សរបស់ចិន បានចេញផ្សាយរបាយការណ៍ស្រាវជ្រាវ ដោយបានលាតត្រដាងតាមរយៈទិន្នន័យដ៏លម្អិត និងករណីជាច្រើននូវបទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរ ដែលសហរដ្ឋអាមេរិកបានប្រព្រឹត្ត នៅមជ្ឈិមបូព៌ានិងតំបន់ជុំវិញ ក្នុងនោះ បូករួមទាំងការបង្កសង្គ្រាម សម្លាប់រង្គាលជនស៊ីវិល អនុវត្តផ្តេសផ្តាសនូវការដាក់ទណ្ឌកម្ម ដោយឯកតោភាគីនិងបង្ក «ការប៉ះទង្គិចអរិយធម៌» ជាដើម។ ប្រការទាំងនេះបាននាំឱ្យពិភពលោកឃើញច្បាស់ម្តងទៀតថា សហរដ្ឋអាមេរិកគឺជាអ្នកបំផ្លាញដ៏ធំបំផុត នៅបណ្តាប្រទេសមូស្លឹម។ ក្នុងរយៈពេលជាង២៤០ឆ្នាំ បន្ទាប់ពីបានបង្កើតឡើងកាលពីឆ្នាំ១៧៧៦មក ពេលវេលាដែលសហរដ្ឋអាមេរិក មិនចូលរួមសង្គ្រាមគ្រាន់តែមិនដល់២០ឆ្នាំប៉ុណ្ណោះ។

តាមស្ថិតិនៃទស្សនាវដ្តី «Smithsonian» របស់សហរដ្ឋអាមេរិកឱ្យដឹងថា ចាប់ពីឆ្នាំ២០០១មក សង្គ្រាមនិងសកម្មភាពយោធា ដែលសហរដ្ឋអាមេរិកបានបំផុសដោយយក «ការប្រឆាំងនឹងភេរវកម្ម» ធ្វើជាលេសបានគ្របដណ្តប់ប្រទេសចំនួន ៤០ភាគរយលើពិភពលោក។ ក្នុងរយៈពេល២០ឆ្នាំកន្លងទៅ ការបំផុសសង្គ្រាមរបស់សហរដ្ឋអាមេរិក បានបណ្តាលឱ្យមនុស្សជាង៨សែននាក់ស្លាប់ ក្នុងនោះ ប្រហែល៣សែន៣ម៉ឺន៥ពាន់នាក់គឺជាជនស៊ីវិល។

ប្រសិនបើនិយាយថា សង្គ្រាមហាក់ដូចជា «បាញ់សម្លាប់តែម្តង» ចំពោះប្រជាជនមជ្ឈិមបូព៌ានិងតំបន់ជុំវិញ នោះ ការដាក់ទណ្ឌកម្មក៏ជាការធ្វើទារុណកម្ម រយៈពេលវែងចំពោះពួកគេដែរ។ គិតមកទល់បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកនៅតែបង្កករូបិយប័ណ្ណបម្រុង ចំនួនរាប់ពាន់លានដុល្លារអាមេរិក នៃធនាគារកណ្តាលអាហ្វហ្កានីស្ថាន បណ្តាលឱ្យសេដ្ឋកិច្ចអាហ្វហ្កានីស្ថាន ស្ថិតក្នុងភាពជាប់គាំងនិងបាក់រលំ។

ក្រៅពីនេះ សហរដ្ឋអាមេរិកក៏បានបំផ្លាញបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ នៃមជ្ឈិមបូព៌ាព្រមទាំងចាប់ឃុំ និងធ្វើទារុណកម្មយ៉ាងឃោរឃៅ តាមតែទំនើងចិត្តទៅលើជនជាតិមូស្លឹមផងដែរ។ តាមការសិក្សាស្រាវជ្រាវនៃគម្រោង «Costs of War» នៃសកលវិទ្យាល័យ Brown របស់សហរដ្ឋអាមេរិកឱ្យដឹងថា បន្ទាប់ពីកើតហេតុការណ៍ភេរវកម្ម ១១កញ្ញា សហរដ្ឋអាមេរិកបានបង្កើត «គុកខ្មៅ» នៅបរទេសដោយយក «ការប្រឆាំងនឹងភេរវកម្ម» ធ្វើជាលេស ដែលពាក់ព័ន្ធនឹង ប្រទេសនិងតំបន់យ៉ាងហោចណាស់៥៤ ដើម្បីចាប់ខ្លួនមនុស្សរាប់សែននាក់ ដែលបូករួមទាំងជនជាតិមូស្លឹម ស្ត្រីនិងមនុស្សមិនទាន់ពេញវ័យ។

បទឧក្រិដ្ឋដែលសហរដ្ឋអាមេរិក បានប្រព្រឹត្តនៅមជ្ឈិមបូព៌ាជាដើម ពិតជាមានច្រើនរាប់មិនអស់ទេ ហើយអាចបង្ហាញថា វាជា «អ្នកបំផ្លាញកិច្ចការសិទ្ធិមនុស្សពិភពលោកដ៏ធំបំផុត»។ ការរងផលប៉ះពាល់យ៉ាងខ្លាំងក្នុងរយៈពេលយូរអង្វែង របស់ប្រទេសនិងប្រជាជនមជ្ឈិមបូព៌ានិងតំបន់ជុំវិញ បានលាតត្រដាងយ៉ាងច្បាស់លាស់នូវធាតុពិត នៃអនុវត្តរភាពរបស់សហរដ្ឋអាមេរិក និងភាពក្លែងក្លាយនិងភាពបោកបញ្ឆោតនៃ «ប្រជាធិបតេយ្យបែបអាមេរិក» និង «សិទ្ធិមនុស្សបែបអាមេរិក»

ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ គួរតែស៊ើបអង្កេតចំពោះទង្វើបំពានសិទ្ធិមនុស្ស របស់សហរដ្ឋអាមេរិកក្នុងពេលឆាប់ៗ ហើយបទឧក្រិដ្ឋដែលអាមេរិក បានធ្វើនៅតំបន់មជ្ឈិមបូព៌ាជាដើម ចាំបាច់ត្រូវតែជម្រះបញ្ជី៕

វិទ្យុមិត្តភាពកម្ពុជាចិន