(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ យោងតាមទិន្នន័យនាំចេញអំពីទំហំពាណិជ្ជកម្ម ជាមួយបរទេសរបស់ប្រទេសចិន ប្រចាំខែកក្កដាឆ្នាំនេះ ដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយចិនបានបង្ហាញឱ្យឃើញថា បរិមាណសរុបនៃទំហំពាណិជ្ជកម្ម ជាមួយបរទេសរបស់ប្រទេសចិនបានឡើងដល់ ៣សែន ៣ម៉ឺន ២ពាន់ ៩រយ ៦០លានដុល្លារអាមេរិក ដែលបានកើនឡើង ១៨ ភាគរយ! ទិន្នន័យទាំងនេះបានហួសពីការប៉ាន់ប្រមាណ របស់មជ្ឈដ្ឋានខាងក្រៅម្តងទៀត។ ក្រោមការជំរុញ នៃការនាំចេញយ៉ាងខ្លាំង អតិរេកខាងពាណិជ្ជកម្មរបស់ប្រទេសចិននៅខែនេះ គឺ ១សែន ១ពាន់ ២៦រយលានដុល្លារអាមេរិក បានកើនឡើង ៨១,៥ភាគរយដែលបានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មី ក្នុងរយៈពេលដូចគ្នា។
គួររំលឹកថា មុនពេលទិន្នន័យស្ថិតិរបស់រដ្ឋាភិបាលចិនបានចេញផ្សាយ ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្លាប់ព្យាករណ៍ថា ការនាំចេញក្នុងខែកក្កដាឆ្នាំនេះប្រហែលនឹងកើនឡើង ១៥ភាគរយ ចំណែកឯការប៉ាន់ប្រមាណរបស់សេដ្ឋវិទូ ក្នុងពេលផ្តល់បទសម្ភាសន៍ ជាមួយទីភ្នាក់ងារសារព័ត៌មាន Bloomberg គឺ ១៤,១ ភាគរយ។ ប៉ុន្តែលទ្ធផលបានបញ្ជាក់ថា កំណើននៃការនាំចេញរបស់ប្រទេសចិន ក្នុងខែកក្កដាឆ្នាំនេះ បានបន្តបង្កើនល្បឿនតទៅទៀត។ ទាក់ទិននឹងរឿងនេះ ប៉ុស្តិ៍ព័ត៌មាននិងពាណិជ្ជកម្មរបស់អ្នកប្រើប្រាស់អាមេរិក CNBC បានវាយតម្លៃថា ការនាំចេញរបស់ប្រទេសចិន ក្នុងខែកក្កដាឆ្នាំនេះ «បានបង្កើនល្បឿនលើសពីការប៉ាន់ប្រមាណ» ដែលនឹងនាំមកនូវការកើនឡើង ជាលក្ខណៈលើកទឹកចិត្តដល់សេដ្ឋកិច្ចចិន។
និយាយជារួម ទំហំពាណិជ្ជកម្មសរុបខាងការនាំចេញនិងនាំចូល នៃប្រទេសចិនក្នុងរយៈពេល ៧ខែដំបូងឆ្នាំនេះ បានកើនឡើង ១០,៤ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១។ ក្នុងបរិបទដែលការងើបឡើងវិញនៃសេដ្ឋកិច្ចសកល មានភាពលំបាកយ៉ាងខ្លាំង ហើយពាណិជ្ជកម្មនិងការបណ្តាក់ទុនមានភាពទន់ខ្សោយ ប្រទេសចិនទទួលបានសមិទ្ធផលបែបនេះ គឺមិនងាយទេ។ ប្រការនេះក៏បានបញ្ជាក់ម្តងទៀតថា តួនាទីដ៏សំខាន់របស់ប្រទេសចិនក្នុងខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល គឺមិនអាចជំនួសបានទេ។
គួរបញ្ជាក់ថា ក្នុងរយៈពេល ៧ខែដំបូងឆ្នាំនេះ ទំហំពាណិជ្ជកម្មសរុបខាងការនាំចេញនាំចូលរបស់ប្រទេសចិន ជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗ ដូចជា សមាគមអាស៊ាន សហភាពអឺរ៉ុប អាមេរិកនិងកូរ៉េខាងត្បូងជាដើម បានកើនឡើងយ៉ាងខ្លាំង បើគិតតាមប្រាក់យាន់ចិន បានកើនឡើង ១៣,២ភាគរយ ៨,៩ភាគរយ ១១,៨ភាគរយនិង ៨,៩ភាគរយ ដោយឡែកពីគ្នាបើប្រៀបធៀប នឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២១។ ក្នុងពេលដំណាលគ្នា ក្នុងចំណោមផលិតផលនាំចេញ របស់ប្រទេសចិន ផលិតផលគ្រឿងចក្រនិងអេឡិចត្រូនិកបានឡើងដល់ ៧,៥៧ ទ្រីលានប្រាក់យាន់ចិន ដែលបានកើនឡើង ១០,១ ភាគរយស្មើនឹង ៥៦,៦ ភាគរយនៃទំហំនាំចេញសរុបរបស់ចិន។ រាល់ទិន្នន័យសុទ្ធតែបានបង្ហាញឱ្យឃើញថា ការអភិវឌ្ឍរបស់ប្រទេសចិន មិនអាចឃ្លាតពីពិភពលោកនោះទេ ហើយភាពរុងរឿងថ្កុំថ្កើងរបស់ពិភពលោក ក៏មិនអាចឃ្លាពីប្រទេសចិននោះដែរ។
គួររំលឹកផងដែរថា មូលហេតុដែល «តារាងពិន្ទុ» នៃទំហំពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិន បានហួសពីការប៉ាន់ប្រមាណម្តងហើយម្តងទៀត គឺអាស្រ័យដោយការងើបឡើងវិញយ៉ាងឆាប់រហ័ស នៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់។
សូមយកទីក្រុងសៀងហៃធ្វើជាឧទាហរណ៍។ ទន្ទឹមនឹងជំងឺកូវីដ ១៩ ត្រូវបានគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ចាប់ពីចុងខែឧសភា ឆ្នាំនេះមក ពាណិជ្ជកម្មនាំចេញនាំចូលជាមួយបរទេស បានរៀបចំភាពប្រក្រតីឡើងវិញជាបន្តបន្ទាប់ ពេលដល់ខែមិថុនា ការនាំចូលនិងនាំចេញរបស់ទីក្រុងសៀងហៃ បានរៀបចំការកើនឡើងជាវិជ្ជមាន រហូតដល់ខែកក្កដា បរិមាណលើកដាក់កុងតឺន័ររបស់ ទីក្រុងសៀងហៃបានលើសពី ៤,៣ លាន TEUs ដែលបានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មី ក្នុងរយៈពេលដូចគ្នា។
សមិទ្ធផលដែលពាណិជ្ជកម្មជាមួយបរទេសរបស់ចិនទទួលបាន ក៏មិនអាចឃ្លាតពីការពង្រីកតម្រូវការក្នុងស្រុក ជាបន្តបន្ទាប់ផងដែរ។ ក្នុងរយៈពេល ៧ ខែដំបូងឆ្នាំនេះ ទំហំពាណិជ្ជកម្មសរុបខាងការនាំចូលរបស់ប្រទេសចិន បានឡើងដល់ ១,៥៨ទ្រីលានដុល្លារអាមេរិក ដែលបានកើនឡើង ៥,៣ភាគរយ។
ទំហំពាណិជ្ជកម្មជាមួយបរទេសរបស់ចិន បានហួសពីការប៉ាន់ប្រមាណម្តងទៀត ដែលជាសញ្ញានៃនិន្នាការប្រកបដោយស្ថិរភាព និងល្អប្រសើរនៃសេដ្ឋកិច្ចចិន។ ដូចប្រសាសន៍របស់លោក Sergey Lukonin បញ្ញវន្តនៃវិទ្យាស្ថានសិក្សាស្រាវជ្រាវ សេដ្ឋកិច្ចពិភពលោក និងទំនាក់ទំនងអន្តរជាតិ នៃបណ្ឌិតសភាវិទ្យាសាស្ត្ររុស្ស៊ី ដែលបានលើកឡើងថា ការពង្រីកការបើកទូលាយជាបន្តបន្ទាប់របស់ចិន វាមិនត្រឹមតែមានអំណោយផលដល់ប្រទេសចិនខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏មានអំណោយផលដល់ពិភពលោកផងដែរ ក្នុងន័យនាំមកនូវឱកាសកាន់តែច្រើន ដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះដល់សហគ្រាស និងផលិតផលបរទេស៕
អត្ថបទ៖ វិទ្យុមិត្តភាពកម្ពុជាចិន