(មូស្គូ)៖ ប្រទេសរុស្ស៉ីបានស្នើសុំឲ្យមានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី១១ ខែសីហា ជុំវិញការវាយប្រហាររបស់ អ៊ុយក្រែន លើរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia)។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២។
រុស្ស៉ីបានអះអាងថា ទីក្រុងកៀវបានធ្វើការវាយប្រហារដោយប្រើគ្រាប់រ៉ុក្កែត ម្តងហើយម្តងទៀតសំដៅលើទីតាំងរោងចក្រ ហ្សាប៉ូរីសហ្ស៉ីយ៉ា ដែលជារោចក្រ ថាមពលដ៏ធំបំផុតក្នុងតំបន់អឺរ៉ុប កាលពីថ្ងៃទី៧ ខែសីហា ហើយនៅមុននោះគឺនៅថ្ងទី៥ និងទី៦ ខែសីហា កងកម្លាំងអ៊ុយក្រែនក៏បានទម្លាប់គ្រាប់បែកក្បែរ ទីតាំងនេះផងដែរ។ បេសកជនរុស្ស៉ីប្រចាំ UN បានប្រាប់សារព័ត៌មាន TASS ឲ្យដឹងថា «រុស្ស៉ីបានស្នើសុំឲ្យកោះប្រជុំក្រុមប្រឹក្សាសន្តិសុខ UN នៅរសៀល ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ទាក់ទងនឹងការវាយប្រហារថ្មីចុងក្រោយរបស់អ៊ុយក្រែនលើរោងចក្រ ហ្សាប៉ូរីសហ្ស៉ីយ៉ា និងផលវិបាលនៃមហន្តរាយដែលអាច កើតចេញពីសកម្មភាពនេះ»។
ជាមួយគ្នានេះ រុស្ស៊ីក៏បានស្នើសុំឱ្យមានការចូលរួមពីប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) លោក រ៉ាហ្វាអែល ហ្រ្គូស៉ី (Rafael Grossi)។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមីនាកន្លងទៅនេះ រោងចក្រថាមពលហ្សាប៉ូរីសហ្ស៉ីយ៉ារបស់អ៊ុយក្រែន ត្រូវបានកងទ័ពរុស្ស៊ីដណ្តើមគ្រប់គ្រងបាន ហើយសហរដ្ឋអាមេរិកបានចោទប្រកាន់ថារុស្ស៉ីកំពុងប្រើប្រាស់រោងចក្រនេះជាខែលនុយក្លេអ៊ែរ ដើម្បីវាយប្រហារលើកងកម្លាំងអ៊ុយក្រែន។ បច្ចុប្បន្ន រោងចក្រមួយនេះ ដំណើរការក្នុងសមត្ថភាពផលិតថាមពល ៧០%៕