Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រុស្ស៉ីបាញ់បង្ហោះផ្កាយរណបអ៉ីរ៉ង់ ទៅកាន់អវកាស ក្រោមការសង្ស័យរបស់អាមេរិក អំពីគោលដៅប្រើប្រាស់

09-08-2022 17:03

(តេហេរ៉ង់)៖ ផ្កាយរណបចាប់រូបភាពកម្រិតខ្ពស់មួយគ្រឿងរបស់អ៉ីរ៉ង់ ត្រូវបានបាញ់បង្ហោះឡើងទៅកាន់ទីអវកាស ចេញពីមូលដ្ឋានមួយក្នុងប្រទេសកាហ្សាក់ស្ថាន តាមរយៈគ្រាប់រ៉ុក្កែតរបស់រុស្ស៉ី ចំពេលដែលអាមេរិក កំពុងមានការសង្ស័យអំពី អំពីការប្រើប្រាស់នៃផ្កាយរណបនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Al-Jazeera នៅថ្ងៃអង្គារ ទី៩ ខែសីហា ឆ្នាំ២០២២។

បើតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ ផ្កាយរណបឈ្មោះ ខាយយ៉ាំ (Khayyam) ដែលអ៉ីរង់អះអាងថា មិនមានគោលដៅប្រើប្រាស់ សម្រាប់យោធាឡើយនោះ ត្រូវបានបាញ់បង្ហោះដោយជោគជ័យ នៅថ្ងៃអង្គារនេះ។ ផ្កាយរណបនេះ ត្រូវបានអ៉ីរ៉ង់ជួលឱ្យរុស្ស៉ីផលិតឡើង ហើយមានសមត្ថភាពចាប់យករូបភាពច្បាស់ត្រឹមត្រូវ ជាងផ្កាយរណបទូទៅ ដែលទីក្រុងតេហេរ៉ង់ ផលិតដោយខ្លួនឯងផ្ទាល់។

រដ្ឋមន្ត្រីព័ត៌មាន និងបច្ចេកវិទ្យាគមនាគមន៍ របស់អ៊ីរ៉ង់ លោក អ៉ីសសា ហ្សារ៉េពួ (Issa Zarepour) បាននិយាយនៅក្នុងវីដេអូមួយ កាលពីថ្ងៃចន្ទសប្តាហ៍នេះថា «វាគឺជាការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ រវាងអ៊ីរ៉ង់ និងរុស្ស៊ី នៅក្នុងឧស្សាហកម្មអវកាស» ហើយលោកបានបន្ថែមថា អ៊ីរ៉ង់មានបំណងសម្រេចបាននូវបច្ចេកវិទ្យា ដើម្បីដាក់ផ្កាយរណបទម្ងន់ ១០០គីឡូក្រាម ចូលទៅក្នុងគន្លងអវកាសចម្ងាយ ៥០០គីឡូម៉ែត្រ នៅឆ្នាំ២០២៣។

គួរបញ្ជាក់ថា ដោយឡែក កាលពីដើមខែសីហានេះ កាសែតវ៉ាស៉ីនតោន ប៉ុស្តិ៍ (Washington Post) បានរាយការណ៍ ដោយដកស្រង់ប្រភពពីមន្រ្តីចារកម្មអាមេរិកថា រុស្ស៉ីមានផែនការប្រើប្រាស់ផ្កាយរណបរបស់អ៉ីរ៉ង់ «សម្រាប់រយៈពេលច្រើនខែ ឬយូរជាងនេះ» ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងធ្វើសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន។ ប៉ុន្តែការអះអាងនេះ ត្រូវបានច្រានចោលដោយទីភ្នាក់ងារអវកាសអ៉ីរ៉ង់ កាលពីសប្តាហ៍មុន ដែលថាខ្លួនមានសិទ្ធិផ្តាច់មុខ លើការគ្រប់គ្រងផ្កាយរណបនេះ ចាប់តាំងពីការបាញ់បង្ហោះថ្ងៃទី១៕