(ព្រីតូរីយ៉ា)៖ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក អាន់តូនី ប្ល៊ីនខិន (Antony Blinken) បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា សហរដ្ឋអាមេរិកកំពុងស្វែងរក «ភាពជាដៃគូរពិតប្រាកដ» ជាមួយទ្វីបអាហ្វ្រិក និងមិនកំពុងព្យាយាមប្រជែងដណ្ដើមឥទ្ធិពលគ្រប់គ្រងទ្វីបមួយនេះជាមួយមហាអំណាចពិភលោកផ្សេងទៀត នោះទេ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៩ ខែសីហា ឆ្នាំ២០២២។
ការបញ្ជាក់អំពីយុទ្ធសាស្រ្តអាហ្វ្រិកថ្មី របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកខាងលើនេះ បានធ្វើឡើងកំលុងពេលដែលលោក ប្ល៊ីនខិន ទៅដល់ប្រទេសអាហ្វ្រិកខាងត្បូង ជាការឈប់សំចតដំបូងនៃដំណើរបំពេញទស្សនកិច្ចប្រទេសចំនួន៣ ក្នុងឧបទ្វីបមួយនេះ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ជាមួយរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ និងសហប្រតិបត្តិការ នៃប្រទេសអាហ្វ្រិកខាងត្បូង លោកស្រី ណាលីឌី ផេនឌ័រ (Naledi Pandor) លោក ប្ល៊ីនខិន បានគូសបញ្ជាក់ដូច្នេះថា «ការប្តេជ្ញាចិត្តរបស់យើង ចំពោះភាពជាដៃគូរដ៏រឹងមាំជាមួយទ្វីបអាហ្វ្រិក មិនមានបំណងបង្ហាញពីការព្យាយាមឱ្យល្អលើសពីគេនោះទេ»។
គួរបញ្ជាក់ថា មេដឹកនាំអាហ្រ្វិកខាងត្បូង ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ កំពុងរក្សាអព្យាក្រឹតភាពក្នុងសង្គ្រាមអ៊ុយក្រែន។ រីឯដំណើរទស្សនកិច្ចរបស់លោក ប្ល៊ីនខិន នាពេលនេះគឺធ្វើឡើង បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡារ៉ូវ (Sergei Lavrov) ទើបតែបំពេញទស្សនកិច្ចក្នុងតំបន់អាហ្វ្រិក។ ប៉ុន្តែលោក ប្ល៊ីនខិន បាននិយាយថា សហរដ្ឋអាមេរិកមិនបានចាត់ទុកតំបន់នេះថា ជាទីលានប្រកួតចុងក្រោយបំផុតក្នុងការប្រកួតប្រជែងរវាងមហាអំណាចនោះឡើយ៕