(មូស្គូ)៖ រុស្ស៊ី បានសម្រេចចិត្តផ្អាកការត្រួតពិនិត្យឃ្លាំងអាវុធនុយក្លេអ៊ែរ ដែលមានចែងនៅក្រោមសន្ធិសញ្ញាគ្រប់គ្រងអាវុធយុទ្ធសាស្ត្រជាមួយទីក្រុងវ៉ាស៊ីនតោន ដោយលើកឡើងពីទណ្ឌកម្មរបស់លោកខាងលិច និងបញ្ហាជំងឺកូវីដ ១៩ នៅឯសហរដ្ឋអាមេរិក។ ប៉ុន្តែ ទីក្រុងម៉ូស្គូអះអាងថាខ្លួននៅតែប្តេជ្ញាចិត្តចំពោះគ្រប់ បទបញ្ញត្តិនៃសន្ធិសញ្ញាមួយនេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Al jazeera នៅថ្ងៃអង្គារ ទី៩ ខែសីហា ឆ្នាំ២០២២។
ក្រសួងការបរទេសរុស្ស៊ី បានប្រកាសថាឃ្លាំងអាវុធនុយក្លេអ៊ែរ ដែលត្រូវត្រួតពិនិត្យនៅក្រោមសន្ធិសញ្ញា ញូ ស្តាត (New START) នឹងត្រូវបានលើកលែង «ជាបណ្តោះអាសន្ន» ពីការត្រួតពិនិត្យ។ ក្រសួងការបរទេសរុស្ស៉ី បានបញ្ជាក់បន្ថែមថា «រុស្ស៊ីត្រូវបានបង្ខំឱ្យងាកទៅរកវិធានការបែបនេះ ដោយសារតែ ទីក្រុងវ៉ាស៊ីនតោន បានសម្រេចចិត្តចាប់ផ្តើមឡើងវិញនៃការត្រួតពិនិត្យ លើលក្ខខណ្ឌដែលមិនគិតពីការពិតដែលមានស្រាប់។ វាជាការលំបាកសម្រាប់ទីក្រុងម៉ូស្គូ ក្នុងការអនុវត្តការត្រួតពិនិត្យលើទឹកដីអាមេរិក ដោយសារតែការដាក់ទណ្ឌកម្មរបស់លោកខាងលិច រួមទាំងការបិទដែនអាកាសសម្រាប់យន្តហោះរុស្ស៊ី ការរឹតបន្តឹង ទិដ្ឋាការលើមន្រ្តីរុស្ស៉ី និងការរីករាលដាលថ្មីៗនៃករណីឆ្លងជំងឺកូវីដ ១៩ នៅឯសហរដ្ឋអាមេរិក»។
គួរបញ្ជាក់ថា New START គឺជាកិច្ចព្រមព្រៀងកាត់បន្ថយអាវុធចុងក្រោយដែលនៅសេសសល់រវាងទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន។ កាលពីឆ្នាំ២០២១ សហរដ្ឋអាមេរិក និងរុស្ស៊ី បានពន្យាពេលអនុវត្តកិច្ចព្រមព្រៀងនេះជាអតិបរមាចំនួន៥ឆ្នាំ បន្ថែមទៀត៕