(សេអ៊ូល)៖ ក្រុមមន្ត្រីកូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង ៨០ឆ្នាំ មកនេះ បានវាយប្រហារ ទីក្រុងសេអ៊ូល និងតំបន់ជុំវិញដោយបានបណ្តាលឱ្យមនុស្ស ៧នាក់ស្លាប់ និង៦នាក់ផ្សេងទៀតបាត់ខ្លួន ដោយបង្កជាគ្រោះទឹកជំនន់ជន់លិចផ្ទះសម្បែង, យានយន្ត អគារ និងស្ថានីយ៍រថភ្លើងក្រោមដី។ នេះបើយោងតាមការចុះផ្សាយទីភ្នាក់ងារសារព័ត៌មាន Yonhap នៅថ្ងៃអង្គារ ទី៩ ខែសីហា ឆ្នាំ២០២២។
ផ្នែកខ្លះនៃទីក្រុងសេអ៊ូល ទីក្រុងកំពង់ផែភាគខាងលិចនៃខេត្ត អ៉ីនឈ័ន (Incheon) និងខេត្ត ជីយ៉ុងហ្គី (Gyeonggi) ដែលព័ទ្ធជុំវិញទីក្រុងសេអ៊ូល បានទទួលរងនូវភ្លៀងធ្លាក់ខ្លាំងជាង ១០០មីលីម៉ែត្រ ក្នុងមួយម៉ោង កាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះ ជាមួយនឹងរបាយទឹកភ្លៀងលើសពី ១៤១.៥មីលីម៉ែត្រ ក្នុងមួយម៉ោង នៅសង្កាត់ដុងចាក់ (Dongjak) នៃទីក្រុងសេអ៊ូល ដែលជាកម្រិតខ្ពស់បំផុត គិតចាប់តាំងពី ១៩៤២មក។
ភ្លៀងធ្លាក់ខ្លាំងលាយឡំជាមួយគ្រោះទឹកជំនន់ បានធ្វើឱ្យមនុស្ស ៥នាក់ស្លាប់ និង ៤នាក់ទៀតបាត់ខ្លួននៅក្នុងទីក្រុងសេអ៊ូល ខណៈនៅក្នុងខេត្ត Gyeonggi មានមនុស្ស ២នាក់បានស្លាប់ និង២នាក់ទៀតបានបាត់ខ្លួន គិតត្រឹមម៉ោង៦ព្រឹកនេះ។ រីឯមនុស្សចំនួន ៩នាក់ បានរងរបួសនៅក្នុងខេត្ត Gyeonggi ហើយ មនុស្ស ១៦៣នាក់ នៅក្នុងរដ្ឋធានី ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព នៅតាមសាលារៀន និងកន្លែងសាធារណៈផ្សេងទៀត។
គួរបញ្ជាក់ថា ទីភ្នាក់ងាររដ្ឋបាលព្រៃឈើកូរ៉េខាងត្បូង បានចេញសេចក្តីណែនាំអំពីការរអិលបាក់ដីនៅក្នុងទីក្រុង និងស្រុកចំនួន ៤៧ នៅទូទាំងប្រទេស នាព្រឹកថ្ងៃអង្គារនេះ រួមទាំងនៅក្នុងស្រុកចំនួន៩ នៃទីក្រុងសេអ៊ូល និងផ្នែកខ្លះនៃខេត្តភាគខាងជើង និងខាងត្បូងផងដែរ៕