(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះបានអំពាវនាវឱ្យរុស្ស៉ីបញ្ឈប់រាល់ការធ្វើសកម្មភាពយោធានៅជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរ នៅក្នុងប្រទេសអ៊ុយក្រែន ចំពោះមុខការបារម្ភពីផលវិបាកធ្ងន់ធ្ងរនៃមហន្តរាយនុយក្លេអ៊ែរដែលអាចកើតឡើងជាយថាហេតុ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៩ ខែសីហា ឆ្នាំ២០២២។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One អមដំណើរលោកប្រធានាធិបតី ចូ បៃដិន ឆ្ពោះទៅកាន់តំបន់រងការខូចខាតដោយសារតែ គ្រោះទឹកជំនន់ ក្នុងរដ្ឋ ខិនថាកគី (Kentucky) អ្នកនាំពាក្យសេតវិមាន លោកស្រី ការីន ហ្សង់ ព្យែរ (Karine Jean-Pierre) បានគូសបញ្ជាក់ដូច្នេះថា៖ «ការវាយប្រហារគ្នា នៅក្បែររោងចក្រថាមពលនុយក្លេអ៊ែរ គឺជារឿងគ្រោះថ្នាក់ជាទីបំផុត។ ដូច្នេះហើយ យើងបន្តអំពាវនាវឱ្យរុស្ស៉ីបញ្ឈប់រាល់ការធ្វើ សកម្មភាពយោធា នៅជុំវិញទីតាំងរោងចក្រនុយក្លេអ៊ែរអ៊ុយក្រែន ព្រមទាំងប្រគល់ការគ្រប់គ្រងទាំងស្រុងទៅឱ្យអ៊ុយក្រែនវិញ»។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោកស្រី ហ្សង់ព្យែរ គឺចង់សំដៅលើរោងចក្រ ហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia) ដែលជារោងចក្រថាមពលនុយក្លេអ៊ែរ ធំបំផុតរបស់អឺរ៉ុប និងដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងដោយរុស្ស៉ី។ បើតាមអ្នកនាំពាក្យរូបនេះដដែល សហរដ្ឋអាមេរិកកំពុងតាមដានយ៉ាងយកចិត្ត ទុកដាក់លើស្ថានការណ៍នៅឯរោងចក្រនេះ ខណៈមកទល់នឹងពេលនេះមិនទាន់មានសញ្ញាបញ្ជាក់ពីការលេចធ្លាយសារធាតុវិទ្យុសកម្មនោះទេ៕