(ហុងកុង)៖ ប្រតិកម្មឆ្លើយតបជាក់ស្ដែងរបស់ចិន ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី នៅតៃវ៉ាន់ មានភាពធូរស្រាលគួរឱ្យកត់សម្គាល់ បើធៀបទៅនឹងការព្រមានដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅមុនដំណើរទស្សនកិច្ចនេះមិនទាន់កើតឡើង។ ក៏ប៉ុន្តែ ទោះជាជម្លោះ ឬវិបត្តិច្រកសមុទ្រតៃវ៉ាន់លើកទី៤ មិនបានផ្ទុះឡើងក៏ពិតមែន តែដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡេស៊ី បានបន្សល់ទុកនូវភាពតានតឹងនៃទំនាក់ទំនងរវាងអាមេរិក និងចិន ព្រមទាំងសំណួរដ៏សំខាន់មួយ នោះគឺថាតើនឹងមានរឿងអ្វីកើតឡើងចំពោះទំនាក់ទំនងរវាងចិន និងអាមេរិក?
ក្រុមអ្នកវិភាគយល់ថាប្រឈមមុខនឹងការដណ្ដើមឥទ្ធិពលគ្នារឹតតែខ្លាំងនៅលើឆាកអន្តរជាតិ សហរដ្ឋអាមេរិក និងចិន ប្រាកដជាចៀសមិនរួចឡើយពីភាពតានតឹង ឬជម្លោះ នៅពេលអនាគត។ ពួកគេសុទ្ធតែជឿថាទំនាក់ទំនងរវាងមហាអំណាចទាំង២ នឹងមិនត្រូវកាត់ផ្ដាច់ ឬបំផ្លាញដោយសារតែ លោកស្រី ផេឡូស៊ី នោះទេ តែគឺដោយសារធម្មជាតិនៃការប្រជែងអំណាចគ្នារវាងអាមេរិក និងចិន ហើយក្នុងរយៈពេលខ្លី និងមធ្យម ពោលគឺមហាអំណាចទាំង២ នឹងនៅតែធ្វើជាគូប្រជែងផង និងជាដៃគូពាណិជ្ជកម្មដែលត្រូវការគ្នាទៅវិញទៅមកផង។
ជាការពិតណាស់ ចាប់តាំងពីមានសេចក្ដីរាយការណ៍ដំបូងកាលពីខែមេសាកន្លងទៅថាលោកស្រី ផេឡូស៊ី មានផែនការបំពេញទស្សនកិច្ចនៅតៃវ៉ាន់ ទីក្រុងប៉េកាំងបានព្យាយាមយ៉ាងខ្លាំងក្នុងការបញ្ជូនសារប្រាប់ទីក្រុងវ៉ាស៊ីនតោនពីផលវិបាកដែលបង្កឡើងដោយដំណើរទស្សនកិច្ចនេះ ក្នុងនោះរួមមានវិបត្តិច្រកសមុទ្រតៃវ៉ាន់លើកទី៤ ការធ្វើសមយុទ្ធយោធា និងការបាញ់មីស៊ីលរំលងកោះតៃវ៉ាន់ជាដើម។ ចំណែកឯ ភាគីអាមេរិកវិញ គឺរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន ត្រូវបានគេរាយការណ៍ថាបានជូនដំណឹងជាមុនដល់សមភាគីចិនរបស់លោក គឺលោក វ៉ាង យី ពីលទ្ធភាពអាចទៅរួចដែលលោកស្រី ផេឡូស៊ី អាចនឹងបំពេញទស្សនកិច្ចនៅតៃវ៉ាន់ កំលុងពេលប្រមុខការទូតទាំង២ ជួបមុខគ្នាក្នុងប្រទេសឥណ្ឌូណេស៊ី កាលពីខែកក្កដា។ ក្នុងន័យនេះ ទំនាក់ទំនងរវាងអាមេរិក និងចិនពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី ហាក់ដូចជាមិនមានឧបសគ្គរាំងស្ទះឡើយ។
ម្យ៉ាងវិញទៀត សម្រាប់អ្នកដែលតាមដានទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន វាក៏មានផងដែរនូវសញ្ញាវិជ្ជមាននៃការទាក់ទងគ្នាទៅវិញទៅមករវាងប្រទេសទាំង២ នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្នុងនោះរួមមានសំណើរបស់ចិនចំនួន៨ ដែលត្រូវបានធ្វើបទបង្ហាញនៅក្នុងជំនួបរវាងលោក ប្ល៊ីនខិន និងលោក វ៉ាង យី នៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលនេះជាកាយវិការមួយមានចេតនារក្សាស្ថិរភាពនៃទំនាក់ទំនងទ្វេភាគី នៅមុនសមាជបក្សកម្មុយនិស្ដចិនចូលមកដល់។
នៅត្រង់ចំណុចនេះ អ្នកវិភាគ ដូចជាលោកស្រី យុន ស៊ុន (Yun Sun) ជានាយកកម្មវិធីចិននៃមជ្ឈមណ្ឌល Stimson Center បានលើកឡើងថាអាមេរិក ជាពិសេស ចិន បានដឹងជាមុនទៅហើយថាបច្ចុប្បន្ន មិនមែនជាពេលត្រូវមានជម្លោះនោះទេ។ ម្យ៉ាង រដ្ឋាភិបាលរបស់លោក ស៊ី ជិនពីង កំពុងជាប់រវល់ដោះស្រាយបញ្ហាក្នុងស្រុកដូចជា កូវីដ១៩ និងបញ្ហាសេដ្ឋកិច្ច ដូច្នេះលោក ស៊ី មិនត្រូវការវិបត្តិបន្ថែមលើវិបត្តិក្នុងពេលនេះទេ។ រីឯម្យ៉ាងទៀត ចិននឹងត្រូវរៀបចំសមាជកបក្សកម្មុយនិស្ដលើកទី២០ នៅខែវិច្ឆិកា ខាងមុខនេះ ហើយគួបផ្សំនឹងមេរៀនពីសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែនដែលបានក្លាយជាសង្រ្គាមរុំារ៉ៃ ម្លោះហើយទីក្រុងប៉េកាំងច្បាស់ណាស់មិនចង់ធ្វើសង្រ្គាម ដែលមិនអាចបញ្ចប់ឱ្យទាន់មុនសមាជបក្សមកដល់នោះទេ ពីព្រោះបើសង្រ្គាមផ្ទុះឡើងសហរដ្ឋអាមេរិក ច្បាស់ណាស់មុខជានឹងលូកដៃជួយតៃវ៉ាន់ដោយផ្ទាល់។
លើសពីនេះទៅទៀត ទោះជាកំពុងមានភាពតានតឹងនឹងគ្នាក៏ពិតមែន តែកិច្ចពិភាក្សាពីការរៀបចំជំនួបទល់មុខរវាងលោក ចូ បៃដិន និងលោក ស៊ី ជិនពីង ដែលអាចនឹង កើតឡើងនៅខែវិច្ឆិកាខាងមុខនេះនៅតែបន្តដំណើរការទៅមុខ ហើយមកទល់នឹងបច្ចុប្បន្ន ក៏មិនទាន់មានសញ្ញាណាមួយបង្ហាញថាចិននឹងលុបចោលកិច្ចខិតខំប្រឹងប្រែង រៀបចំជំនួបរវាងមេដឹកនាំនៃប្រទេសទាំង២ ដោយសារតែលោកស្រីផេឡូស៊ី នោះដែរ។ ដ្បិតជំនួបតាមទូរស័ព្ទរវាងលោក ស៊ី និងលោក បៃដិន នៅមុនដំណើរទស្សនកិច្ច របស់លោកស្រី ផេឡូស៊ី នៅតៃវ៉ាន់ ក៏បានបង្ហាញដែរថាចិនមិនចង់កាត់ផ្ដាច់ទំនាក់ទំនងទ្វេភាគីជាមួយអាមេរិក ឡើយ។
គួរបញ្ជាក់ថា បើតាមលោកស្រី យុន ស៊ុន តាមរយៈការធ្វើសមយុទ្ធយោធាដែលគ្មាននេះអ្នកមករំខាន វាគឺជាមធ្យោបាយមួយដែលទីក្រុងប៉េកាំងធ្វើសង្រ្គាមចិត្តសាស្ត្រ ប្រឆាំងនឹងតៃវ៉ាន់ផង និងដើម្បីហាត់សមពង្រឹងសមត្ថភាពយោធា ព្រមទាំងបង្ហាញប្រាប់សហរដ្ឋអាមេរិកថាខ្លួនមានសមត្ថភាពបិទខ្ទប់កោះតៃវ៉ាន់ គ្រប់ពេលវេលានៅពេល ដែលមានជម្លោះ ឬសង្រ្គាមផ្ទុះឡើង ហើយតាក់ទិចបែបនេះនឹងត្រូវបានចិនបន្តប្រើក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។
សម្រាប់សហរដ្ឋអាមេរិក និងចិនដែលបាន បញ្ចៀសកុំឱ្យជម្លោះផ្ទុះ វាជាសមិទ្ធផលមួយដ៏ធំ រីឯកោះតៃវ៉ាន់ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសភាអាមេរិក ក៏ប៉ុន្តែអ្នកដែលត្រូវប្រឈមមុខនឹងចិនខ្លាំងបំផុត គឺនៅតែជាតៃវ៉ាន់ មិនមែនសហរដ្ឋអាមេរិក ឬលោកស្រី ផេឡូស៊ីនោះទេ៕