(ប្រ៊ុចសែល)៖ សហភាពអឺរ៉ុបគ្រោងនឹងកាត់បន្ថយការប្រើប្រាស់ហ្គាសនៅទូទាំងប្លុកនេះចំនួន ១៥% ដើម្បីឆ្លើយតបទៅនឹងវិបត្តិតម្លៃថាមពល ដែលបង្កឡើងដោយសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ដែលនឹងចូលជាធរមាននៅថ្ងៃអង្គារ ទី៩ សីហានេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃចន្ទ ទី០៨ ខែសីហា ឆ្នាំ២០២២។
បទប្បញ្ញត្តិរបស់សហភាពអឺរ៉ុប ដែលគ្របដណ្តប់លើផែនការដែលបានអនុម័ត ដោយក្រុមប្រទេសសមាជិក ២៧ប្រទេសកាលពីពីរសប្តាហ៍មុន ត្រូវបាចុះផ្សាយនៅក្នុងទិនានុប្បវត្តិរដ្ឋបាលផ្លូវការរបស់សហភាពអឺរ៉ុប កាលពីថ្ងៃចន្ទ ហើយច្បាប់នឹងចូលជាធរមាននៅថ្ងៃអង្គារសប្តាហ៍នេះ។
គោលបំណង នៃបទប្បញ្ញត្តិនេះគឺដើម្បីអនុញ្ញាតឱ្យ EU បង្កើនការបម្រុងទុកឧស្ម័នរបស់ខ្លួនទាន់ពេល សម្រាប់អ្វីដែលអាចជារដូវរងាដ៏លំបាក។ គ្រួសារ និងអាជីវកម្មអ៊ឺរ៉ុបកំពុងជួបការលំបាក ដោយសារការកើនឡើងតម្លៃថាមពល និងការបន្ថយប្រភពឧស្ម័នរុស្ស៊ី ដែលរដ្ឋជាសមាជិកជាច្រើនពឹងផ្អែកលើ។
បទប្បញ្ញត្តិបាននិយាយថា បណ្តាប្រទេសសហភាពអឺរ៉ុប នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីកាត់បន្ថយការប្រើប្រាស់ឧស្ម័នយ៉ាងហោចណាស់ ១៥ភាគរយ នៅចន្លោះខែសីហាឆ្នាំនេះ និងខែមីនាឆ្នាំក្រោយ ដោយផ្អែកលើតួលេខដែលពួកគេបានប្រើប្រាស់ជាមធ្យម ក្នុងរយៈពេលប្រាំឆ្នាំកន្លងទៅ៕