(ប៉េកាំង)៖ ថ្ងៃទី៨ ខែសីហា លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិចិន បានឆ្លើយសំណួររបស់អ្នកសារព័ត៌មាន ស្តីពីការដែលប្រទេសចិនលុបចោលសកម្មភាពប្រាស្រ័យទាក់ទងចំនួន៣ រវាងយោធាចិននិងសហរដ្ឋអាមេរិក ព្រមទាំងការផ្សព្វផ្សាយបំផ្លើសរបស់ ប្រព័ន្ធសារព័ត៌មានអាមេរិក។

លោក Wu Qian បានថ្លែងថាបច្ចុប្បន្នស្ថានការណ៍តានតឹង នៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ គឺបង្កហេតុឡើងទាំងស្រុង ដោយភាគីអាមេរិក។ សហរដ្ឋអាមេរិកគួរតែទទួលខុសត្រូវទាំងស្រុល លើផលវិបាកដ៏ធ្ងន់ធ្ងរចំពោះរឿងនេះ។

លោកបន្តថា ទាក់ទិននឹងទង្វើបង្កហេតុដ៏អាក្រក់របស់សហរដ្ឋអាមេរិក ប្រទេសចិនបានប្រកាសវិធានការប្រឆាំងចំនួន៨ ក្នុងនោះបូករួមទាំងការលុបចោល កិច្ចសន្ទនាតាមទូរស័ព្ទរបស់អ្នកដឹកនាំយោធាប្រទេសទាំងពីរ ចិននិងសហរដ្ឋអាមេរិក កិច្ចពិភាក្សាការងាររវាងក្រសួងការពារជាតិចិននិងសហរដ្ឋអាមេរិក លុបចោលសន្និសីទយន្តការពិគ្រោះពិភាក្សា ស្តីពីសន្តិសុខកិច្ចការយោធាតាម លំហសមុទ្ររវាងចិននិងសហរដ្ឋអាមេរិក។

ជាចុងក្រោយ អ្នកនាំពាក្យចិន លើកឡើងថា វិធានការតបតរបស់ប្រទេសចិន គឺជាការព្រមានដ៏ចាំបាច់ចំពោះ ការបង្កហេតុរបស់សហរដ្ឋអាមេរិកនិងតៃវ៉ាន់ ក៏ដូចជាការគាំពារដ៏ស្របច្បាប់ចំពោះអធិបតេយ្យភាព និងសន្តិសុខជាតិ គឺត្រឹមត្រូវ ស្របច្បាប់និងសមហេតុផលទាំងស្រុង៕

អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន