(ប៉េកាំង)៖ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ តាមម៉ោងក្នុងតំបន់ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសបង់ក្លាដែស លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនបានលើកឡើងថា អំពីស្ថានភាពថ្មីបំផុតនិងពាក្យសម្តី មិនសមហេតុផលរបស់សហរដ្ឋអាមេរិក សហរដ្ឋអាមេរិកមានកំហុសបីនៅក្នុងករណីដែលលោកស្រី Pelosi បំពេញទស្សនកិច្ចនៅតំបន់ចិនតៃវ៉ាន់ ពោលគឺ៖ ទី១ គឺបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន។ ទី២ គឺបានបណ្តែតបណ្តោយនិងផ្តល់ការគាំទ្រ ចំពោះកម្លាំងអបគមន៍ចង់ឱ្យតៃវ៉ាន់ឯករាជ្យ។ ទី៣គឺមានចេតនាបំផ្លាញសន្តិភាព នៅច្រកសមុទ្រតៃវ៉ាន់។
លោក Wang Yi បានថ្លែងថា គោលជំហរយ៉ាងម៉ឺងម៉ាត់និងវិធានការរបស់ចិនគឺមានភាពត្រឹមត្រូវ សមហេតុផល ស្របច្បាប់ ភាពចាំបាច់ បើកចំហ និងសមរម្យ ក្នុងគោលបំណងការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីដ៏ពិសិដ្ឋរបស់ចិន រារាំងឧបាយកលរបស់សហរដ្ឋអាមេរិក ដែលប៉ុនប៉ងប្រើប្រាស់តៃវ៉ាន់ដើម្បីទប់ស្កាត់ប្រទេសចិន និងកម្ទេចការស្រមើស្រមៃរបស់អាជ្ញាធរតៃវ៉ាន់ ដែលចង់ពឹងផ្អែកលើសហរដ្ឋអាមេរិក ដើម្បីស្វែងរកឯករាជ្យ សំដៅការពារសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់ និងស្ថិរភាពក្នុងតំបន់យ៉ាងប្រាកដប្រជា៕
វិទ្យុមិត្តភាពកម្ពុជាចិន