(ហ្សេរុយសាឡឹម)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានសម្តែងការសាទរចំពោះបទឈប់បាញ់គ្នា រវាងអ៉ីសា្រអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន នៅឯតំបន់ហ្កាហ្សា ដែលបានចូលជាធរមានកាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះ ក្រោយការប្រយុទ្ធគ្នារយៈពេល៣ថ្ងៃ។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មាន Times of Israel នៅថ្ងៃចន្ទ ទី៨ ខែសីហា ឆ្នាំ២០២២។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក បៃដិន បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកបានទាក់ទងជាមួយមន្រ្តី មកពីអ៉ីស្រាអែល, អាជ្ញាធរប៉ាឡេស្ទីន, អេហ្ស៉ីប, កាតា និងហ្ស៊កដានី ដើម្បីបញ្ចប់ការប្រយុទ្ធគ្នាយ៉ាងឆាប់រហ័ស។ លោក បៃដិន បានអរគុណ ប្រធានាធិបតីអេហ្ស៉ីប លោក អាប់ឌែល ហ្វាតា អាល់ ស៉ីសស៉ី (Abdel-Fattah el-Sissi) រួមទាំងមហាក្សត្រកាតា ព្រះអង្គម្ចាស់ តាមីម ប៊ីន ហាម៉ាត់ អាល់ថានី (Tamim Bin Hamad al-Thani) សម្រាប់ការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងនេះ។ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ក៏បានកោតសរសើរនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក យ៊ែរ ឡាភីត (Yair Lapid) ចំពោះការដឹកនាំរដ្ឋាភិបាលប្រកបដោយស្ថិរភាព កំលុងពេលមានវិបត្តិ ផងដែរ។
គួរបញ្ជាក់ថា ដូចជម្លោះតំបន់ហ្កាហ្សា កាលពីខែឧសភា ឆ្នាំ២០២១ កន្លងទៅដែរ រដ្ឋបាលរបស់លោក បៃដិន បានដើរតួនាទីគាំទ្រ នៅក្នុងកិច្ចខិតខំប្រឹងប្រែងសម្រេចបានបទឈប់បាញ់ ដែលត្រូវបានដឹកនាំដោយប្រទេសអេហ្ស៉ីប។ កាលពីដើមឆ្នាំ២០២២នេះ សហរដ្ឋអាមេរិកបានអនុម័តថវិកាបន្ថែមចំនួន ៥០០លានដុល្លារ សម្រាប់ការបំពេញបន្ថែមនូវប្រព័ន្ធការពារដែនអាកាស បន្ទាប់ពីជម្លោះនៅតំបន់ហ្កាហ្សា នាខែឧសភា ឆ្នាំ២០២១៕