(ប៉េកាំង)៖ យោធាចិននាថ្ងៃចន្ទនេះបានឱ្យដឹងថា ខ្លួនកំពុងបន្តការធ្វើសមយុទ្ធដដែល នៅលើផ្ទៃសមុទ្រនិងផ្ទៃអាកាស ជុំវិញកោះតៃវ៉ាន់ នៅថ្ងៃចន្ទនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៨ ខែសីហា ឆ្នាំ២០២២។
ដំណឹងខាងលើត្រូវបានប្រកាស តាមរយៈប្រព័ន្ធបណ្តាញសង្គមចិន វ៉ីប៉ូ (Weibo) ដោយទីបញ្ជាការភូមិភាគខាងកើតរបស់យោធាចិន ដែលបានបន្ថែមថា ខ្លួននឹងធ្វើការហាត់សមពាក់ព័ន្ធនឹង ការវាយប្រហារប្រឆាំងនាវាមុជទឹក និងប្រតិបត្តិការវាយឆ្មក់តាមផ្លូវសមុទ្រ។ នៅក្រោយដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាស របស់ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី (Nancy Pelosi) នៅកោះតៃវ៉ាន់ កាលពីសប្តាហ៍មុន យោធាចិនបានបើកការធ្វើសមយុទ្ធទ្រង់ទ្រាយធំមិនធ្លាប់មាន តាមផ្លូវទឹកនិងផ្លូវអាកាស នៅតំបន់ជុំវិញតៃវ៉ាន់ ក្នុងនោះរួមមានទាំង ការបាញ់ផ្លោងមីស៉ីលបាលីស្ទីគ រំលងដែនកោះនេះជាលើកដំបូងបំផុតផងដែរ។
គួរបញ្ជាក់ថា ពីដំបូងឡើយ សមយុទ្ធយោធាចិននោះ ត្រូវបានគ្រោងនឹងប្រព្រឹត្តទៅ តែសម្រាប់រយៈពេល៤ថ្ងៃប៉ុណ្ណោះ គឺពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃអាទិត្យសប្តាហ៍មុន ប៉ុន្តែទាំងទីក្រុងប៉េកាំង និងទីក្រុងតៃប៉ិ សុទ្ធតែមិនបានបញ្ជាក់ពីការបិទបញ្ចប់សមយុទ្ធនោះទេ។ យ៉ាងណាមិញ ក្រសួងដឹកជញ្ជូនតៃវ៉ាន់បានអះអាងថា ខ្លួនបានមើលឃើញភស្តុតាងមួយចំនួន ដែលឱ្យតំរុយថា យ៉ាងហោចណាស់ ទំហំនៃការធ្វើសមយុទ្ធរបស់ចិន ហាក់ត្រូវបានកាត់បន្ថយខ្លះៗ៕