(ហ្សរុយសាឡិម)៖ អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធជីហាដអ៊ីស្លាមប៉ាឡេស្ទីន បានប្រកាសបទឈប់បាញ់កាលពីយប់ថ្ងៃអាទិត្យចុងសប្តាហ៍ កន្លងទៅ ដោយបង្កើនក្តីសង្ឃឹមនៃការបញ្ចប់ជម្លោះនៅឯព្រំដែនតំបន់ហ្គាហ្សា។ នេះបើយោងតាមការចុះផ្សាយដោយទីសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៨ ខែសីហា ឆ្នាំ២០២២។
កងកម្លាំងអ៊ីស្រាអែល បានបើកការវាយប្រហារតាមផ្លូវអាកាសលើទឹកដីប៉ាឡេស្ទីន កាលពីចុងសប្តាហ៍កន្លងទៅនេះ ហើយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ក៏បានបាញ់គ្រាប់រ៉ុក្កែតលើទីក្រុងជាច្រើនរបស់អ៉ីស្រាអែលវិញផងដែរ។ ប៉ុន្តែ ភាគីទាំង២ សម្រេចបានបទឈប់បាញ់មួយដែលចូលជាធរមាន នៅម៉ោង ១១និង ៣០នាទី (ម៉ោងក្នុងតំបន់) ហើយបទឈប់បាញ់នេះត្រូវបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នា ដោយក្រុមសកម្មប្រយុទ្ធ ប៉ាឡេស្ទីន និងអ៊ីស្រាអែល ខណៈភាគីទាំងពីរបានអរគុណចំពោះប្រទេសអេហ្ស៊ីប សម្រាប់ការសម្របសម្រួលបទឈប់បាញ់នេះ។
គួរបញ្ជាក់ថា ការប៉ះទង្គិចគ្នាកាន់តែខ្លាំងរយៈពេលបីថ្ងៃចុងក្រោយនេះ បានផ្ដាច់ជីវិតជនជាតិប៉ាឡេស្ទីន ៤៤នាក់ ក្នុងនោះមានពាក់កណ្ដាលជាជនស៊ីវិល ដែលមានទាំងកុមារផងដែរ។ ជម្លោះបង្ហូរឈាមរវាងប៉ាឡេស្ទីន ធ្លាប់បានកើតឡើងជាច្រើនលើកមកហើយ ក្នុងនោះរួមមានកាលពីឆ្នាំ២០០៨ ដល់ឆ្នាំ២០០៩, ឆ្នាំ២០១២, ឆ្នាំ២០១៤ និងឆ្នាំ២០២១៕