(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកបានប្រកាសថា ដំឡើងអត្រាការប្រាក់ ០,៧៥ ភាគរយដែលបានសម្របសម្រួលគោលដៅអត្រាការប្រាក់ជាមូលដ្ឋាន នៃសហព័ន្ធអាមេរិកក្នុងចន្លោះពី ២,២៥ ភាគរយដល់ ២,៥ ភាគរយ។ នេះជាលើកទីបួនហើយដែលប្រព័ន្ធបម្រុងសហព័ន្ធអាមេរិក ដំឡើងអត្រាការប្រាក់តាំងពីចូលឆ្នាំនេះមក ហើយក៏ជាលើកទីពីរជាប់ៗគ្នា ដែលបានដំឡេងអត្រាការប្រាក់ ០,៧៥ ភាគរយផងដែរ ដើម្បីទបទល់នឹងអតិផរណា ដែលមានភាពកាន់តែខ្លាំងឡើងៗ ។

បន្ទាប់មក គណៈកម្មការទីផ្សារចំហររបស់សហព័ន្ធអាមេរិក ដែលជាស្ថាប័នសម្រេចគោលនយោបាយរបស់ ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិក បានចេញផ្សាយសេចកី្តថ្លែងការណ៍ថា អត្រាអតិផរណាខ្ពស់មិនធ្លាក់ចុះ បានបង្ហាញពីអតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការ ការឡើងថ្លៃនៃតម្លៃថាមពលនិងសម្ពាធ ខាងតម្លៃដ៏មានភាពកាន់តែទូលំទូលាយ ដែលពាក់ព័ន្ធនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ក្រៅពីនេះ ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែននិងព្រឹតិ្តការណ៍ពាក់ព័ន្ធនឹងរឿងនេះ បានបង្កបង្កើតជាកម្លាំងសម្ពាធថែមមួយកម្រិតទៀត ទៅលើអតិផរណា។ ដូច្នេះ គណៈកម្មការនេះ «យកចិត្តទុកដាក់ខ្ពស់ទៅលើហានិភ័យនៃអតិផរណា» ព្រមទាំងនឹងបន្តកាត់បន្ថយទ្រង់ទ្រាយ នៃតារាងតុល្យការយ៉ាងខ្លាំង។

អ្នកជំនាញមួយចំនួនបានថ្លែងថា ដើម្បីទប់ស្កាត់អតិផរណាខ្ពស់ ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកបានចាប់ផ្តើម ដំឡើងអត្រាការប្រាក់ហួសហេតុពេក ប៉ុន្តែឥទ្ធិពលអវិជ្ជមានរបស់ទង្វើនេះ គឺ បង្កើនហានិភ័យថមថយចុះយ៉ាងខ្លាំង នៃសេដ្ឋកិច្ចអាមេរិក។

គួររំលឹកថា នៅពេលមុននេះមិនជាយូរប៉ុន្មាន លោក Larry Summers អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក និងលោក Harry Domash អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ច របស់សកលវិទ្យាល័យ Harvard អាមេរិកបានរួមគ្នានិពន្ធអត្ថបទ ដោយអះអាងថា ចាប់តាំងពីទសវត្សរ៍ឆ្នាំ៥០ នៃសតវត្សរ៍ទី២០ មក រាល់ពេលដែលអតិផរណាលើសពី ៤ភាគរយ និងអត្រាបាត់ការងារទាបជាង ៥ ភាគរយ សេដ្ឋកិច្ចអាមេរិកក៏នឹងធ្លាក់ក្នុងភាពថមថយចុះក្នុងរយៈពេល ២ ឆ្នាំផងដែរ។ បច្ចុប្បន្ននេះ អត្រាអតិផរណារបស់អាមេរិក គឺ ៩.១ ភាគរយនិងអត្រាបាត់ការងារ គឺ ៣.៦ភាគរយ ដូច្នេះប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកចង់សម្រេចបាន នូវភាពនឹងនរខាងសេដ្ឋកិច្ចតាមរយៈ ការដំឡើងអត្រាការប្រាក់ គឺ ស្ទើរតែមិនអាចទៅរួចនោះទេ ផ្ទុយទៅវិញ ប្រហែលនឹងបណ្តាលឱ្យសេដ្ឋកិច្ចកាន់តែថមថយចុះ។

យោងតាមការព្យាករណ៍ថ្មីបំផុតដែលចេញផ្សាយ ដោយធនាគារបម្រុងសហព័ន្ធអាត្លង់តារបស់អាមេរិក នាពេលថ្មីៗកន្លងទៅនេះ បានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុបជាក់ស្តែងនៅត្រីមាសទីពីរឆ្នាំ ២០២២ របស់អាមេរិកនឹងធ្លាក់ចុះ ១,២ ភាគរយបើប្រៀបធៀបនឹងត្រីមាសទី ១ បើគិតតាមអត្រាប្រចាំឆ្នាំ។ ប្រសិនបើការព្យាករណ៍របស់ ធនាគារបម្រុងសហព័ន្ធអាត្លង់តា ក្លាយជាការពិត នោះ វាមានន័យថា សេដ្ឋកិច្ចអាមេរិកប្រហែលនឹងធ្លាក់ក្នុងការថមថយចុះបែបបច្ចេកទេស ពោលគឺ នឹងលេចចេញកំណើនអវិជ្ជមានពីរត្រីមាសជាប់ៗគ្នា។

នៅពេលដែលអ្នកសារព័ត៌មានសួរថា តើសេដ្ឋកិច្ចអាមេរិកបានធ្លាក់ក្នុងភាពថមថយចុះឬអត់ លោក Jerome Powell ប្រធានប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកបានឆ្លើយតបថា ទោះបីជាកំណើនសេដ្ឋកិច្ចអាមេរិក បានបង្អង់ល្បឿនក៏ដោយ ក៏ប៉ុន្តែទីផ្សារការងាររបស់អាមេរិក នៅតែមានកម្លាំងរស់រវើកយ៉ាងខ្លាំងដដែល ដូច្នេះហើយ លោកមិនយល់ឃើញថា អាមេរិកបានធ្លាក់ក្នុងការថមថយចុះខាងសេដ្ឋកិច្ចនោះទេ។ ប៉ុន្តែ សេដ្ឋវិទូមួយចំនួនបានសម្គាល់ឃើញថា ភាពមិនប្រាកដប្រជាកាន់តែធំ ដែលសេដ្ឋកិច្ចអាមេរិកប្រឈមមុខ គឺតើអ្នកបាត់បង់ការងារអាចរកបាន ឱកាសការងារថ្មីក្នុងពេលឆាប់ៗឬអត់។

សូមបញ្ជាក់ថា តាមទិន្នន័យដែលក្រសួងការងារអាមេរិក ប្រកាសនាពេលថ្មីៗកន្លងទៅនេះ បានបង្ហាញថា នៅខែឧសភា ឆ្នាំនេះ អត្រាបាត់បង់ការងាររបស់អាមេរិកបានរក្សាកម្រិត ៣,៦ ភាគរយក្នុងរយៈពេល ៣ ខែជាប់ៗគ្នា ដែលនៅតែខ្ពស់ជាងកម្រិត មុនពេលផ្ទុះការរីករាលដាលនៃជំងឺកូវីដ ១៩ ដដែល។ ទិន្នន័យនេះបានបង្ហាញឱ្យឃើញថា បើប្រៀបធៀបនឹងខែកុម្ភៈ ឆ្នាំ ២០២០ ដែលមិនទាន់ផ្ទុះការរីករាលដាលនៃជំងឺឆ្លងនៅអាមេរិក អត្រាបាត់បង់ការងាររបស់អាមេរិកបានកើនឡើង ០,១ ភាគរយ ហើយចំនួនអ្នកបាត់បង់ការងារបានកើនឡើង ៣០ម៉ឺននាក់។ ព្រមពេលជាមួយគ្នានេះ ចំនួនអ្នកបាត់បង់ការងារ ក្នុងរយៈពេលយូរដែលពេលវេលា បាត់បង់ការងារលើសពី ២៧ សប្តាហ៍បានកើនឡើង ២សែន ៣ម៉ឺន ៥ពាន់នាក់ បើប្រៀបធៀប ពេលមិនទាន់ផ្ទុះការរីករាលដាលនៃជំងឺឆ្លង។

គួរបញ្ជាក់ដែរថា បច្ចុប្បន្ននេះ ប្រជាជនអាមេរិកកំពុងជួបប្រទះនឹងអតិផរណដ៏ខ្ពស់បំផុតក្នុងរយៈពេល ៤០ ឆ្នាំចុងក្រោយនេះ ។ តាមការគណនារបស់អ្នកវិភាគនៃអង្គការ Moody's បានឱ្យដឹងថា បើប្រៀបធៀបនឹងឆ្នាំមុនៗ គ្រួសារអាមេរិកគិតជាមធ្យមក្នុងមួយខែ ត្រូវបន្ថែមចំណាយប្រហែល ៤៦០ដុល្លារអាមេរិកទៀត។
អតិផរណាខ្ពស់បាន"លេបយក"ចំនួនប្រាក់ខែ ដែលកើនឡើងរបស់ជនជាតិអាមេរិកទាំងអស់ ថែមទាំងនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ មនុស្សជាច្រើននាក់បានធ្លាក់ចូលក្នុង ភាពទទីសទទាសដែលប្រាក់ខែបន្តកើនឡើង តែទំនិញបែរជាទិញបានកាន់តែតិចទៅៗ។ មនុស្សដែលគ្មានប័ណ្ណប្រាក់ខែនិងក្រុមមនុស្ស ដែលមានចំណូលទាប គឺមានជីវភាពរស់នៅកាន់តែលំបាក។

អ្វីដែលគួរឱ្យអស់សំណើចនោះគឺ ទីផ្សារភាគហ៊ុនបានកើនឡើង ក៏ដូចជាថ្លៃជួលផ្ទះ ថ្លៃសាំងនិងថ្លៃស្បៀងអាហារ បានឡើងថ្លៃព្រមៗគ្នា ពួកអ្នកមានដែលស្ថិតនៅកំពូលខ្សែសង្វាក់ ទ្រព្យសម្បត្តិទាំងនោះបែរជាមាន ទ្រព្យសម្បត្តិកាន់តែស្តុកស្តម្ភ។ នាពេលថ្មីៗកន្លងទៅនេះ ទស្សនាវដ្តី «Forbes» នៃអាមេរិកបានជ្រើសរើសមហាសេដ្ឋីវាល់លានចំនួន ១០នាក់ ដែលទ្រព្យសម្បត្តិកើនឡើងច្រើនបំផុត នៅលើទូទាំងពិភពលោកនៅឆ្នាំ ២០២១ ក្នុងនោះ មានមហាសេដ្ឋី ៦ នាក់មកពីសហរដ្ឋអាមេរិក។

គិតត្រឹមដំណាច់ឆ្នាំ ២០២១ ប្រាក់ទុនសរុបរបស់ពួកគេបានកើនឡើង ៣សែន ៤ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២១ ទ្រព្យសុទ្ធគិតជាមធ្យមក្នុងមនុស្សម្នាក់ៗ បានកើនឡើង ៥១ភាគរយ ហេតុនេះហើយ គម្លាតរវាងអ្នកមាននិងអ្នកក្រីក្រ របស់អាមេរិកបានពង្រីកធំយ៉ាងឆាប់រហ័ស។

មិនថា អត្រាការប្រាក់សូន្យនិងគោលនយោបាយ QE បានបណ្តាលឱ្យតម្លៃទំនិញឡើងថ្លៃយ៉ាងខ្លាំង កាលពីមុនឬក៏គោលនយោបាយរូបិយវត្ថុតឹងរ៉ឹងក៏ដោយ ក៏អាមេរិកសុទ្ធតែបានបង្វែរវិបត្តិទៅកាន់ ពិភពលោកតាមរយៈអនុត្តរភាពផែ្នកប្រាក់ដុល្លារអាមេរិករបស់ខ្លួន។ ប្រការទាំងនេះបានបង្កជាផលប៉ះពាល់យ៉ាងខ្លាំង ដល់អង្គភាពសេដ្ឋកិច្ចងើបឡើងថ្មីលើពិភពលោក ដែលកំពុងខិតខំសម្រេចបាននូវការស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីបញ្ចប់ជំងឺកូវីដ ១៩ ។

អ្វីដែលគួរឱ្យប្រុងប្រយ័ត្ននោះគឺ មួយផ្នែក ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកបានដំឡើង អត្រាការប្រាក់ដើម្បីលើក កម្ពស់កម្លាំងទាក់ទាញ នៃទ្រព្យសម្បតិ្តជាប្រាក់ដុល្លារអាមេរិក ដែលបានបន្ថែមហានិភ័យក្នុង ការហូរទៅកាន់ក្រៅប្រទេសនៃមូលធនទីផ្សារ ងើបឡើងថ្មីនិងការចុះថ្លៃនៃរូបិយវត្ថុ ក៏ដូចជាបណ្តាលឱ្យហានិភ័យខាងប្រាក់បំណុល នៃប្រទេសជាច្រើនកើនឡើងយ៉ាងខ្លាំង។ មួយផ្នែកទៀត ការចុះថ្លៃនៃរូបិយវត្ថុផ្សេងទៀតដែលបណ្តាលមកពី ការឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិកក៏នឹង កម្សោយសមត្ថភាពទិញទំនិញរបស់ប្រជាជន នៃប្រទេសដទៃទៀតនិងបំផ្លាញដំណើរការងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់អង្គភាពសេដ្ឋកិច្ច កំពុងអភិវឌ្ឍន៍ដែលបាន និងកំពុងប្រឈមនឹងភាពលំបាកលំបិន។

តាមការពិត បន្ទាប់ពីបានបង្កើតជាអនុត្តរភាពផ្នែកប្រាក់ដុល្លារអាមេរិក «ឧបាយកលចាស់» ដែលប៉ុនប៉ងឆក់យកទ្រព្យសម្បត្តិពិភពលោកទាំងមូលនេះ អាមេរិកបានលេងជាច្រើនលើកហើយ ពោលគឺ ខណៈពេលដែលអាមេរិកបានអនុវត្តគោលនយោបាយ QE ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកបានបញ្ចុះ អត្រាការប្រាក់ធ្វើឱ្យទីផ្សារងើបឡើងថ្មី ខ្ចីបំពុលអាមេរិកជាច្រើន មើលទៅ ការនេះបានបណ្តាលឱ្យសេដ្ឋកិច្ចវិវឌ្ឍរីកចម្រើនទៅមុខ ហើយបានបង្កើតឡើងនូវពពុះទ្រព្យសម្បតិ្តក្នុងកម្រិតទីទៃគ្នា។ ល្គឹកណាដែលប្រព័ន្ធបម្រុងសហព័ន្ធអាមេរិក បានដំឡើងអត្រាការប្រាក់ នោះ មូលធនដ៏ច្រើនសន្ធឹករបស់ប្រទេសទីផ្សារងើបឡើងថ្មី ក៏បានហូរទៅខាងក្រៅដែលបណ្តាលឱ្យ អត្រាប្តូរប្រាក់មានការផ្លាស់ប្តូរយ៉ាងខ្លាំង និងពពុះរហែករហុយ រហូតដល់បានបណ្តាលឱ្យកើតមាន វិបត្តិផ្នែករូបិយវត្ថុនិងហិរញ្ញវត្ថុ។

ក្នុងរយៈពេលដំបូងដែលអតិផរណ បានកើនឡើងជុំនេះ ប្រតិបត្តិការរបស់រដ្ឋាភិបាលអាមេរិកមានភាពយឺតយ៉ាវ គ្រាន់តែស្រែកថា អតិផរណាគ្រាន់តែជា «បណ្តោះអាសន្ន» ប៉ុណ្ណោះ ក៏ដូចជាប្រកាន់ខ្ជាប់គោលនយោបាយរូបិយវត្ថុរលុងកម្រិតខ្ពស់ ដែលបានបណ្តាលឱ្យកម្រិតអតិផរណា កើនឡើងជាបន្តបន្ទាប់។ ហេតុនេះហើយ បញ្ហាលំបាក់ខាងសេដ្ឋកិច្ច ដែលរដ្ឋាភិបាលអាមេរិកបាននិងកំពុង ប្រឈមគឺជាលទ្ធផលមិនទទួលខុសត្រូវរបស់ខ្លួន។

លើសពីនេះទៅទៀត បន្ទាប់ពីផ្ទុះវិបត្តិអ៊ុយក្រែន សហរដ្ឋអាមេរិកបានអនុវត្តការដាក់ទណ្ឌកម្មទៅលើរុស្ស៊ី ឥតឈប់ឈរដែលបានបង្កជាផលប៉ះពាល់យ៉ាងខ្លាំង ដល់ការផ្គត់ផ្គង់ថាមពល សន្តិសុខស្បៀងអាហារនិងស្ថិរភាព នៃខ្សែសង្វាក់ឧស្សាហកម្មជាសកល ក៏ដូចជាធ្វើឱ្យសម្ពាធខាងអតិផរណារបស់ប្រទេសខ្លួនកើនឡើងយ៉ាងខ្លាំង។ ព្រមពេលជាមួយគ្នានេះ រដ្ឋាភិបាលអាមេរិកអាណត្តិបច្ចុប្បន្ន បានបន្តអនុវត្តគោលនយោបាយខុសឆ្គងស្តីពីការយកពន្ធ លើផលិតផលចិនរបស់រដ្ឋាភិបាលអាណត្តិមុន ក្នុងរយៈពេលយ៉ាងយូរវាក៏បានបន្ថែមបន្ទុកជាច្រើន ដល់វិក័យប័ត្រគ្រប់ប្រភេទរបស់ប្រជាជនអាមេរិកផងដែរ។

បច្ចុប្បន្ននេះ គោលនយោបាយរូបិយវត្ថុរបស់អាមេរិកមានការកែប្រែយ៉ាងខ្លាំងហើយ ប៉ុន្តែ ជំនឿចិត្តចំពោះទីផ្សារនៅតែ មានទុទិដ្ឋិនិយមដដែល។ លោក Pierre-Olivier Gourinchas ប្រធានសេដ្ឋវិទូនៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ បានថ្លែងថា «បរិយាកាសនាពេលបច្ចុប្បន្នបានបង្ហាញថា តាមការពិត លទ្ធភាពនៃការដែលសេដ្ឋកិច្ចអាមេរិកអាចចៀសវាងពីភាពថមថយចុះ គឺតិចតួចណាស់»

លោកបានព្រមានថា ទោះបីជា «ការវាយប្រហារដ៏តូចមួយ» ក្តី ក៏មានលទ្ធភាពនាំឱ្យសេដ្ឋកិច្ចអាមេរិក ធ្លាក់ក្នុងភាពថមថយចុះដែរ។ យោងតាមការព្យាករណ៍ថ្មីបំផុតនៃទីភ្នាក់ងារសារព័ត៌មាន Bloomberg ឱ្យដឹងថា បន្ទាប់ពីសន្ទស្សន៍ជំនឿចិត្តអ្នកប្រើប្រាស់អាមេរិក បានបំបែកកំណត់ត្រាទាបបំផុត និងអត្រាការប្រាក់ត្រូវបានដំឡើង ក្នុងរយៈពេល ១ ឆ្នាំខាងមុខនេះ លទ្ធភាពដែលសេដ្ឋកិច្ចអាមេរិក ធ្លាក់ចុះប្រហែលនឹងឡើងដល់ ៣៨ភាគរយ។

ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំបំផុតនៅលើពិភពលោក ដរាបណាដែលសេដ្ឋកិច្ចអាមេរិកបានធ្លាក់ក្នុងការថមថយចុះ នោះ វាក៏មុខជានឹងនាំមកនូវហានិភ័យរីករាលដាលយ៉ាងខ្លាំងដែរ។ នេះគឺជាហានិភ័យដែលពិភពលោកទាំងមូល ត្រូវរក្សាភាពប្រុងប្រយ័ត្នគ្រប់ពេលវេលា។

ប្រការដែលគួរឱ្យចាប់អារម្មណ៍នោះ គឺ ខណៈពេលដែលសេដ្ឋកិច្ចអាមេរិក បានធ្លាក់ក្នុងសភាពទាល់ច្រក អ្នកនយោបាយនៅទីក្រុងវ៉ាស៊ីនតោនមួយចំនួន មិនបានគិតពិចារណាពីការធ្វេសប្រហែស នឹងទំនួលខុសត្រូវរបស់ពួកគេក្នុងការឆ្លើយតបនឹងវិបត្តិនោះទេ ប៉ុន្តែបែរជាបានលេងល្បែងចាស់ៗ នៃការទម្លាក់កំហុសដើម្បីបង្វែរទំនាស់ទៅខាងក្រៅ។ ទង្វើបែបនេះជាការមិនទទួលខុសត្រូវចំពោះប្រជាជនអាមេរិក ហើយក៏ជាការមិនទទួលខុសត្រូវ ចំពោះពិភពលោកផងដែរ។

អ្នកនយោបាយនៅទីក្រុងវ៉ាស៊ីនតោន ដែលចចេសអនុវត្តគំនិត «សហរដ្ឋអាមេរិកជាអាទិភាព» ទាំងនោះ គួរតែបញ្ឈប់ប្រព្រឹត្តិទង្វើដែលបំភាន់ភ្នែកអ្នកផង បង្វែរវិបត្តិទៅខាងក្រៅនិងទម្លាក់កំហុសតាមតែទំនើងចិត្ត ក៏ដូចជាអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ដែលកាន់តែមានទំនួលខុសត្រូវ សូមដាស់តឿនពួកគេឱ្យអនុវត្ត វិធានការណ៍ជាក់ស្តែង ដើម្បីជួយសេដ្ឋកិច្ចសកលឱ្យងើបឡើងវិញ ពីការរីករាលដាលនៃជំងឺកូវីដ ១៩ ក្នុងពេលឆាប់ៗ៕

វិទ្យុមិត្តភាពកម្ពុជាចិន