(វ៉ាស៊ីនតោន)៖ ប្រធានធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះបានធ្វើតេស្ដចេញលទ្ធផលអវិជ្ជមានកូវីដ១៩ ២លើកជាប់ៗគ្នា ហើយបានបិទបញ្ចប់ការធ្វើចត្តាឡីស័កនៅឯសេតវិមាន ជាមួយការធ្វើដំណើរទៅកាន់គេហដ្ឋានរបស់លោកក្នុងរដ្ឋឌែលឡាវែរ និងជួបជុំជាមួយភរិយារបស់លោក គឺលោកស្រី ជៀល បៃដិន (Jill Biden)។ នេះបើតាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៨ ខែសីហា ឆ្នាំ២០២២។
លោក ចូ បៃដិន បានធ្វើចត្តាឡីស័កនៅឯសេតវិមានអស់រយៈពេលច្រើនជាង ២សប្ដាហ៍ ក្រោយឆ្លងកូវីដ ដែលបានបង្ខំឱ្យលោកត្រូវលុបចោលដំណើរទស្សនកិច្ច និងការចូលរួមព្រឹត្តិការណ៍ជាច្រើន ។ លោក បៃដិន បានធ្វើតេស្ដចេញលទ្ធផលអវិជ្ជមានកាលពីថ្ងៃសៅរ៍ ប៉ុន្តែត្រូវរង់ចាំរហូតដល់ការធ្វើតេស្ដចេញលទ្ធផល អវិជ្ជមានជាលើកទី២ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ដើម្បីបញ្ចប់ការធ្វើចត្តាឡីស័ក។
គួរបញ្ជាក់ថា លោក ចូ បៃដិន មានអាយុ៧៩ឆ្នាំ បានឆ្លងកូវីដ១៩ កាលពីថ្ងៃទី២១ខែកក្កដាកន្លងទៅនេះ ហើយបានចេញពីការធ្វើចត្តាឡីស័កនៅឯសេតវិមាន កាលពីថ្ងៃទី២៧ ខែកក្កដា។ ប៉ុន្តែ លោកលាប់ជំងឺនេះឡើងវិញកាលពីថ្ងៃទី៣០ ខែកក្កដាដដែល៕