(កៀវ)៖ មន្ត្រីអ៊ុយក្រែន និងតួកគីបាននិយាយថា កប៉ាល់ចំនួនបួនគ្រឿង ដែលដឹកគ្រាប់ធញ្ញជាតិបានបើកចេញពីកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែននៅថ្ងៃអាទិត្យ ទី០៧សីហានេះ ដែលជាផ្នែកនៃកិច្ចព្រមព្រៀងដើម្បីបើកការនាំចេញតាមសមុទ្រ របស់ប្រទេសអ៊ុយក្រែនឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៧ ខែសីហា ឆ្នាំ២០២២។
អាជ្ញាធរកំពង់ផែសមុទ្ររបស់អ៊ុយក្រែន បាននិយាយនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ថា កប៉ាល់ចំនួនបួនគ្រឿង ត្រូវបានផ្ទុកដោយគ្រាប់ពោតជិត ១៧០,០០០តោន និងស្បៀងអាហារផ្សេងទៀត បានចាកចេញពីកំពង់ផែសមុទ្រ។
បុគ្គលិករុស្ស៊ី អ៊ុយក្រែន តួកគី និងអង្គការសហប្រជាជាតិ គឺជាអ្នកត្រួតពិនិត្យដំណើរការបន្តការនាំចេញស្បៀងអាហារនេះឡើងវិញ នៅមជ្ឈមណ្ឌលសម្របសម្រួលរួម (JCC) ក្នុងទីក្រុងអ៊ីស្តង់ប៊ុល។
អង្គការសហប្រជាជាតិ និងតួកគីបានចុះកិច្ចព្រមព្រៀងធ្វើជាអ្នកសម្របសម្រួលកាលពីខែមុន។ អង្គការសហប្រជាជាតិបានព្រមានអំពីការផ្ទុះឡើង នៃគ្រោះទុរ្ភិក្សនៅផ្នែកខ្លះ នៃពិភពលោកដោយសារតែការបញ្ឈប់ការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ ពីអ៊ុយក្រែនដែលបានធ្វើឱ្យតម្លៃកើនឡើងខ្លាំង។
រដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន លោក Oleksandr Kubrakov បាននិយាយថា កាលពីថ្ងៃសៅរ៍កប៉ាល់ដែលមានទង់ជាតិបរទេស បានមកដល់ប្រទេសអ៊ុយក្រែនជាលើកដំបូង ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ដើម្បីដឹកជញ្ជូនគ្រាប់ធញ្ញជាតិ៕