(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានទៅដល់ប្រទេសអាហ្វ្រិកខាងត្បូងហើយកាលពីថ្ងៃអាទិត្យ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចបីប្រទេសក្នុងទ្វីអាហ្វ្រិក ក្នុងគោលបំណងទប់ស្កាត់ឥទ្ធិពលរបស់រុស្ស៊ីនៅលើទ្វីបមួយនេះដែលកំពុងតែរីកលូតលាស់ជាលំដាប់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០៧ ខែសីហា ឆ្នាំ២០២២។
ដំណើរទស្សនកិច្ចនេះបានធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកSergei Lavrov បានធ្វើដំណើរទស្សនៈកិច្ចយ៉ាងទូលំទូលាយនៅទ្វីបអាហ្វ្រិក កាលពីចុងខែមុន។
អាហ្រ្វិកខាងត្បូងដែលជាមេដឹកនាំក្នុងប្រទេសកំពុងអភិវឌ្ឍន៍ បានរក្សាអព្យាក្រឹតក្នុងសង្រ្គាមអ៊ុយក្រែន ដោយបដិសេធមិនចូលរួមក្នុងការអំពាវនាវរបស់លោកខាងលិច ដើម្បីថ្កោលទោសទីក្រុងមូស្គូ។
រដ្ឋាភិបាលទីក្រុង Pretoria បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Blinken នឹងធ្វើកិច្ចពិភាក្សានៅថ្ងៃចន្ទនេះ ជាមួយសមភាគីអាហ្វ្រិកខាងត្បូង លោក Naledi Pandor ក៏ដូចជានឹងធ្វើការប្រកាសអំពីយុទ្ធសាស្ត្រថ្មីរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនៅអាហ្វ្រិកផងដែរ។
លោក Blinken ដែលកំពុងធ្វើដំណើរទស្សនកិច្ចជាលើកទីពីរទៅទ្វីបអាហ្រ្វិក ចាប់តាំងពីលោកត្រូវតែងតាំងកាលពីដើមឆ្នាំមុន គ្រោងនឹងបន្តទៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងរវ៉ាន់ដានៅចុងសប្តាហ៍នេះ៕