(ប៉េកាំង)៖ ចាប់ពីថ្ងៃអាទិត្យនេះតទៅ ចិនបានសម្រេចកាត់បន្ថយរយៈពេល នៃការផ្អាកជើងហោះហើរអន្តរជាតិ ដែលជាប់ពាក់ព័ន្ធផ្លូវហោះហើរ មានរកឃើញករណីឆ្លងកូវីដ១៩។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៧ ខែសីហា ឆ្នាំ២០២២។
អាជ្ញាធរអាកាសចរណ៍ចិន បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ នាថ្ងៃអាទិត្យនេះថា ជើងហោះហើរទាំងឡាយ ជាប់ព័ន្ធនឹងផ្លូវហោះហើរ ដែលមានរកឃើញករណីឆ្លង នៃជំងឺកូវីដ១៩ នឹងត្រូវផ្អាកសម្រាប់រយៈពេល១សប្តាហ៍ ប្រសិនបើ៤ភាគរយនៃអ្នកដំណើរ ត្រូវពិនិត្យឃើញវិជ្ជមាន និងសម្រាប់រយៈពេល ២សប្តាហ៍នេះ ប្រសិនបើ៨ភាគរយ នៃអ្នកដំណើរ ធ្វើតេស្តវិជ្ជមាន។
គួរបញ្ជាក់ថា កន្លងមក នៅក្រោមគោលការណ៍ចាស់របស់ប្រទេសចិន គឺបើអ្នកដំណើរ៥នាក់ ធ្វើតេស្តវិជ្ជមាន ជើងហោះហើររបស់អាកាសចរណ៍ពាក់ព័ន្ធ សម្រាប់ផ្លូវហោះហើរមួយនោះ នឹងត្រូវផ្អាកសម្រាប់រយៈពេល២សប្តាហ៍។ ការផ្អាកនឹងមានរយៈពេលដល់ ៤សប្តាហ៍នេះ ប្រសិនបើអ្នកដំណើរចាប់ពី ១០នាក់ឡើងទៅ ធ្វើតេស្តឃើញវិជ្ជមានកូវីដ១៩៕