(កៀវ)៖ ទីប្រឹក្សាជាន់ខ្ពស់មួយរូប របស់ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃសៅរ៍នេះ បានឱ្យដឹងថា ប្រទេសម៉ាសេដ្វានខាងជើង បានយល់ព្រមផ្តល់រថក្រោះរួមទាំងយន្តហោះចម្បាំង ឱ្យមកអ៊ុយក្រែន ដើម្បីជួយដល់ការប្រយុទ្ធតទល់នឹង ការឈ្លានពានរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៧ ខែសីហា ឆ្នាំ២០២២។
ទីប្រឹក្សាជាន់ខ្ពស់ខាងលើគឺ លោក មីឃែល ប៉ូដូលយ៉ាក (Mykhail Podolyak) បានបង្ហោះសារអរគុណម៉ាសេដ្វានខាងជើង យ៉ាងដូច្នេះថា «ឥឡូវនេះប្រទេសជាច្រើន កំពុងបង្ហាញភាពហានក្លាខ្លាំងជាង ពាក់កណ្តាលនៃក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង៧ G7 ទៅទៀត។ ដូចជាប្រទេសម៉ាសេដ្វានខាងជើងជាដើម ដែលបានយល់ព្រមផ្តល់ឱ្យអ៊ុយក្រែន នូវការគាំទ្រក្នុងទម្រង់ជា រថក្រោះនិងយន្តហោះចម្បាំង»។
គួរបញ្ជាក់ថា ក្រសួងការពារជាតិម៉ាសេដ្វានខាងជើង ដែលជាប្រទេសតូចមួយនៅតំបន់បាល់កាននៃទ្វីបអឺរ៉ុប បានទទួលស្គាល់កាលពីសប្តាហ៍មុនថា ខ្លួននឹងផ្គត់ផ្គង់រថក្រោះសម័យសូវៀត ឱ្យអ៊ុយក្រែន ប៉ុន្តែមិនបាននិយាយ អំពីការផ្តល់យន្តហោះចម្បាំងឡើយ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ម៉ាសេដ្វានខាងជើង រថក្រោះដែលទីក្រុងស្កុបជេ គ្រោងផ្តល់ឱ្យទីក្រុងកៀវ គឺរថក្រោះ T-72 រីឯយន្តហោះចម្បាំងគឺ Su-25 ប៉ុន្តែមិនច្បាស់ថា ចំនួនប៉ុន្មានឱ្យប្រាកដនោះទេ៕