(តៃប៉ិ)៖ នាព្រឹកថ្ងៃអាទិត្យនេះ ក្រុមនាវាចម្បាំងចិននិងតៃវ៉ាន់ ត្រូវគេអះអាងថា បានលេងល្បែងឆ្មានិងកណ្តុរ ក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ នៅប៉ុន្មានម៉ោងមុនពេល សមយុទ្ធយោធាទ្រង់ទ្រាយធំ រយៈពេល៤ថ្ងៃរបស់ទីក្រុងប៉េកាំង ដែលជាការឆ្លើយតបចំពោះ ដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តអាមេរិក មកកាន់កោះតៃវ៉ាន់ ត្រូវបានគ្រោងនឹងបិទបញ្ចប់ទៅវិញ ក្នុងថ្ងៃនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៧ ខែសីហា ឆ្នាំ២០២២។
នាវាចម្បាំងប្រមាណជា១០គ្រឿង មកពីខាងចិន និងប្រហែល១០គ្រឿង មកពីខាងតៃវ៉ាន់ បានធ្វើដំណើរប្រកៀកៗគ្នា នៅច្រកសមុទ្រតៃវ៉ាន់ ដោយនាវាចិនខ្លះ បានឆ្លងចូលខ្សែបន្ទាត់កណ្តាល ដែលខណ្ឌចែកភាគីទាំងពីរ។ ស្របពេលដែលក្រុមនាវាចម្បាំងចិន ព្យាយាមរុលចូលខ្សែបន្ទាត់កណ្តាល ដូចដែលពួកគេបានធ្វើកាលពីថ្ងៃសៅរ៍ ក្រុមនាវាចម្បាំងចិន បានស្ថិតនៅកៀកដើម្បីឃ្លាំងមើល ហើយពេលខ្លះ គឺរារាំងមិនឱ្យខាងចិន ឆ្លងចូលមកបានតែម្តង។
គួរបញ្ជាក់ថា ការបំពេញទស្សនកិច្ចរបស់លោកស្រី ណាន់ស៉ី ផេឡូស៉ី (Nancy Pelosi) កាលពីថ្ងៃអង្គារ-ពុធសប្តាហ៍នេះ នៅកោះតៃវ៉ាន់ បានធ្វើឱ្យចិនខឹងសម្បារជាខ្លាំង។ ទីក្រុងប៉េកាំងបានឆ្លើយតបវិញ តាមរយៈការធ្វើសមយុទ្ធបាញ់ផ្លោងមីស៉ីលបាលីស្ទីគ រំលងតៃវ៉ាន់ជាលើកដំបូងបំផុត និងកាត់ផ្តាច់កិច្ចសន្ទនាជាច្រើនជាមួយសហរដ្ឋអាមេរិក។ សមយុទ្ធយោធាទ្រង់ទ្រាយធំរបស់ចិន ដែលផ្តោតទៅលើទីតាំងចំនួន៦ ជុំវិញកោះតៃវ៉ាន់ បានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ ហើយត្រូវបានកំណត់ថា នឹងបិទបញ្ចប់ទៅវិញនៅវេលាថ្ងៃត្រង់ ថ្ងៃអាទិត្យនេះ៕