(សិង្ហបុរី)៖ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក វីវៀន បាឡាគ្រីស្នាន់ (Vivian Balakrishnan) បាននិយាយនៅថ្ងៃសៅរ៍នេះថា លោកបានធ្វើតេស្ដ វិជ្ជមានកូវីដ១៩ ក្រោយធ្វើដំណើរត្រឡប់មកពីចូលរួមកិច្ចប្រជុំកំពូលអាស៊ានក្នុងរាជធានីភ្នំពេញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២។
ថ្លែងក្នុងសារមួយបង្ហោះលើ Facebook លោក វីវៀន បានបញ្ជាក់ថា លោកមានរោគសញ្ញាស្រាលតែប៉ុណ្ណោះ ដោយសារតែរូបលោកបានចាក់វ៉ាក់សាំង បង្ការគ្រប់ដូស និងដូសជំរុញ។ លោកបន្ថែមដូច្នេះ «ជាការស្នើសុំផ្ទាល់ខ្លួន អ្នកដែលបានប៉ះពាល់ដោយផ្ទាល់ជាមួយខ្ញុំ ក្នុងរយៈពេល២ថ្ងៃកន្លងមកនេះ គួរតែទៅធ្វើតេស្ដ...»។
លោក វីវៀន បាឡាគ្រីស្នាន់ បានស្នាក់នៅក្នុងទីក្រុងភ្នំពេញ ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែសីហា ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន ហើយរូបលោក ក៏បានចូលរួមក្នុងជំនួបដាច់ដោយឡែកជាមួយមន្ត្រីមកពីសហរដ្ឋអាមេរិក ចិន រុស្ស៉ី និងជប៉ុនផងដែរ៕