(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ លោកស្រី Pelosi ប្រធានសភាតំណាងរាស្ត្រអាមេរិកបានថ្លែងក្នុងអំឡុងពេលធ្វើទស្សនកិច្ចនៅតំបន់តៃវ៉ាន់ ប្រទេសចិនថា ដំណើរទស្សនកិច្ចរបស់លោកស្រីលើកនេះគឺដើម្បី «ជំរុញសន្តិភាពក្នុងតំបន់នេះ»។ ហើយសហការជាមួយករណីនេះ រដ្ឋមន្ត្រីការបរទេសនៃ ប្រទេស G7 ក៏បានចេញផ្សាយអ្វីដែលហៅថាសេចក្តីថ្លែងការណ៍ ដែលមួលបង្កាច់ថា ប្រតិកម្មដ៏ត្រឹមត្រូវរបស់ចិនប្រហែលនឹងបណ្តាលឱ្យស្ថានការណ៍ ក្នុងតំបន់មានភាពតានតឹង ក៏ដូចជាអះអាងថា «ត្រូវដោះស្រាយវិវាទរវាងត្រើយទាំងសងខាងតាមរយៈវិធីសន្តិភាព»។
អ្នកបង្កវិបត្តិក្លែងខ្លួនជា «អ្នកអភិរក្សសន្តិភាព» ហើយប្រែសទៅជាខ្មៅដើម្បីមួលបង្កាច់អ្នកគាំពារសិទ្ធិរបស់ខ្លួនដ៏ត្រឹមត្រូវ កលល្បិចនេះជា «ប៉ាតង់» របស់ ប្រទេសលោកខាងលិច។ ប៉ុន្តែ ពួកគេបានវិនិច្ឆ័យខុសចំពោះស្ថានការណ៍និងវាយតម្លៃទាបនូវប្រជាមតិ។ ក្នុងប៉ុន្មានថ្ងៃជាប់ៗគ្នាកន្លងទៅនេះ ប្រទេសជាង ១០០នៅលើទូទាំងពិភពលោកបានសម្តែងអាកប្បកិរិយាយ៉ាងច្បាស់លាស់ថា នឹងប្រកាន់ខ្ជាប់គោលការណ៍ប្រទេសចិនមួយ និងគាំទ្រចិនគាំពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន។
អគ្គលេខាធិការអង្គការសហប្រជាជាតិបង្ហាញថា ប្រកាន់ខ្ជាប់គោលការណ៍ប្រទេសចិនមួយ និងគោរពតាមសេចក្តីសម្រេចចិត្តលេខ ២៧៥៨ ស្តីពីប្រទេសចិន មួយនៃមហាសន្និបាតអង្គការសហប្រជាជាតិកាលពីឆ្នាំ១៩៧១។ លោក Sourabh Gupta អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៃមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវចិន និងអាមេរិករបស់សហរដ្ឋអាមេរិកបានលើកឡើងថា សេចក្តីថ្លែងការណ៍របស់ប្រទេស G7 គឺជាការបង្ករឿងហេតុម្យ៉ាង ពួកគេត្រូវពិចារណាពីកំហុស របស់ខ្លួនឱ្យបានជ្រាលជ្រៅយ៉ាងពិតប្រាកដ។
សហគមន៍អន្តរជាតិគាំទ្រប្រទេសចិនយ៉ាងខ្លាំង គឺដោយសារបានឃើញច្បាស់ពីការពិតដែលបណ្តាលឱ្យស្ថានការណ៍ច្រកសមុទ្រតៃវ៉ាន់ឡើងកម្ដៅ។ រីឯភាគី ចិនវិញបានធ្វើកិច្ចខិតខំប្រឹងប្រែងតាមផ្លូវទូតឱ្យអស់ពីសមត្ថភាពដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។ មុនពេលលោកស្រី Pelosi ទៅធ្វើ ទស្សនកិច្ច ភាគីចិនបានអធិប្បាយម្តងហើយម្តងទៀតអំពីភាពធ្ងន់ធ្ងរនិងគ្រោះថ្នាក់នៃទង្វើរបស់លោកស្រី Pelosi ទាមទារឱ្យភាគីអាមេរិកគោរពតាម គោលការណ៍ ប្រទេសចិនមួយនិងការកំណត់នៃសេចក្តីប្រកាសរួមទាំងបីរវាងចិន និងអាមេរិក ក៏ដូចជាព្រមានយ៉ាងមុតមាំថា ភាគីអាមេរិកត្រូវទទួលខុសត្រូវ លើលទ្ធផលទាំងអស់ដែលបណ្តាលមកពីទង្វើនេះ។
អាចឃើញថា តើអ្នកណាជាអ្នកបង្កវិបត្តិដោយចេតនា? ហើយអ្នកណាជាអ្នកខិតខំប្រឹងប្រែងរក្សាសន្តិភាព? ហេតុផលគឺច្បាស់លាស់ណាស់ ហើយអ្នកណាខុសអ្នកណាត្រូវក៏ច្បាស់ណាស់ដែរ។ ពេលថ្មីៗកន្លងទៅនេះ កងទ័ពចិនបានធ្វើសកម្មភាពយោធាចម្រុះមួយចំនួនជុំវិញកោះតៃវ៉ាន់ ស្ថាប័នជាច្រើនរបស់ចិនក៏បានប្រកាសពីវិធានការឆ្លើយតបផងដែរក្នុងគោលបំណងបំភិតបំភ័យការឃុបឃិតបង្ករឿងហេតុរបស់សហរដ្ឋអាមេរិកនិងតំបន់តៃវ៉ាន់ ដើម្បីគាំពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី ក៏ដូចជាគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់។
ប្រការនេះទទួលបានការយល់ដឹងនិងការគាំទ្រជាទូទៅពីសំណាក់សហគមន៍អន្តរជាតិ។ ភាគីអាមេរិកដែលនិយាយ «សន្តិភាព» ពេញៗមាត់នោះតាមការពិត គឺជា «សត្រូវនៃសន្តិភាព» ដ៏ពិតប្រាកដ។ ការប្តេជ្ញាចិត្តគាំរពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ប្រជាជនចិនគឺមុតមាំដូចថ្ម ការប្តេជ្ញាចិត្តគាំពារ សន្តិភាពក្នុងតំបន់ និងពិភពលោកក៏ម៉ឺងម៉ាត់មិនងាករេដែរ។ ភាគីអាមេរិកពិតជានឹងបង់ថ្លៃដោយសារបំផ្លាញផលប្រយោជន៍ស្នូលរបស់ចិន និងបំផ្លាញ សន្តិភាពក្នុងតំបន់ជាក់ជាមិនខាន៕
វិទ្យុមិត្តភាពកម្ពុជាចិន