(ម៉ានីល)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន នៅថ្ងៃចន្ទនេះបានរិះគន់ចិនថាគ្មានទំនួលខុសត្រូវ សម្រាប់ការផ្អាកកិច្ចសន្ទនាសំខាន់ៗ មួយចំនួនជាមួយសហរដ្ឋអាមេរិក ហើយថាសកម្មភាពបច្ចុប្បន្នរបស់ប៉េកាំងចំពោះតៃវ៉ាន់ គឺជាសកម្មភាពដើរចេញឆ្ងាយពីការដោះស្រាយបញ្ហាដោយសន្តិវិធី ឆ្ពោះទៅរកការប្រើកម្លាំងបាយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២។
ការកត់សម្គាល់ខាងលើរបស់លោក ប្ល៊ីនខិន កើតមានឡើងបន្ទាប់ពីចិនបានប្រកាសផ្អាកកិច្ចសន្ទនាទេ្វភាគីកម្រិតខ្ពស់សំខាន់ៗចំនួន៨ជាមួយសហរដ្ឋអាមេរិក ក្នុងនោះរួមមានយោធា ឧក្រិដ្ឋកម្មឆ្លងដែន និងការប្រែប្រួលអាកាសធាតុជាដើម ជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅកោះតៃវ៉ាន់ កាលពីដើមសប្ដាហ៍កន្លងទៅនេះ។
ថ្លែងប្រាប់អ្នកសារព័ត៌មាននាឱកាសបំពេញទស្សនកិច្ចក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន លោក ប្ល៊ីនខិន បានសង្កត់ធ្ងន់ថាការសម្រេចចិត្ត របស់ចិនគឺជាការពិន័យពិភពលោកទាំងមូល ជាពិសេសបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ មិនមែនត្រឹមតែសហរដ្ឋអាមេរិកនោះឡើយ។ ដ្បិតកិច្ចសន្ទនាទាំងនោះ ក្នុងនោះរួមមានទាំងការទាក់ទងរវាងយោធា និងយោធា វាពិតជាមានសារៈសំខាន់ជាទីបំផុត ក្នុងការបញ្ចៀសការយល់ច្រឡំ និងវិបត្តិទាំងឡាយ៕