(តៃប៉ិ)៖ អនុប្រធានអង្គភាពស្រាវជ្រាវ និងអភិវឌ្ឍមីស៊ីល នៃក្រសួងការពារជាតិតៃវ៉ាន់ម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់ក្នុងបន្ទប់សណ្ឋាគារមួយ នៅព្រឹកថ្ងៃសៅរ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Central News Agency នៅថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២។
ទីភ្នាក់ងារសារព័ត៌មានតៃវ៉ាន់ Central News Agency បានឱ្យដឹងទៀតថាលោក អ៊ូ យ៉ាង លីស៊ីន (Ou Yang Li-hsing) ជាអនុប្រធានវិទ្យាស្ថានជាតិ ឈុនសាន វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (National Chung-Shan Institute of Science and Technology) ដែលជាកម្មសិទ្ធិរបស់យោធាតៃវ៉ាន់ ត្រូវបានគេប្រទះឃើញស្លាប់ នៅក្នុងបន្ទប់សណ្ឋាគារមួយកន្លែង ស្ថិតនៅក្នុងតំបន់ ពីងទុង (Pingtung) ភាគខាងត្បូងកោះតៃវ៉ាន់។ ប៉ុន្តែ ភ្លាមៗ មិនទាន់មានការបញ្ជាក់ពីមូលហេតុស្លាប់របស់លោក អ៊ូយ៉ាង មានអាយុ ៥៧ឆ្នាំ នៅឡើយទេ ខណៈអាជ្ញាធរតៃវ៉ាន់កំពុងបើកការស៊ើបអង្កេត។
គួរបញ្ជាក់ថា បើតាម Central News Agency លោក អ៊ូ យ៉ាង ស្ថិតនៅក្នុងតំបន់ Pingtung ភាគខាងត្បូងកោះតៃវ៉ាន់ សម្រាប់ដំណើរកម្សាន្តធុរកិច្ច មួយ។ លោក អ៊ូ យ៉ាង បានកាន់តំណែងដឹកនាំគម្រោងអភិវឌ្ឍ និងផលិតមីស៊ីលរបស់តៃវ៉ាន់ កាលពីដើមឆ្នាំ២០២២នេះ៕