(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand Marcos Jr) នៅថ្ងៃសៅរ៍នេះ បាននិយាយថាការប្រែប្រួលស្ថានភាពភូមិសាស្ត្រនយោបាយ និងផលវិបាកបង្កឡើង ដោយដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី នៅតៃវ៉ាន់ បានគូសបញ្ជាក់យ៉ាងច្បាស់ពីសារៈសំខាន់ នៃទំនាក់ទំនងរវាងហ្វីលីពីន និងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២។
លោក ម៉ាកូស ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន (Antony Blinken) នៅឯវិមានប្រធានាធិបតីក្នុងទីក្រុង ម៉ានីល ខណៈលោក ប្ល៊ីនខិនកំពុងបំពេញទស្សនកិច្ចនៅហ្វីលីពីន ក្នុងនាមជាមន្ត្រីអាមេរិកជាន់ខ្ពស់ម្នាក់ ចាប់តាំងពីលោក ម៉ាកូស ឡើងកាន់តំណែងជាប្រធានាធិបតីមក។
លោក ម៉ាកូស និងអតីតប្រធានាធិបតីហ្វីលីពីន លោក ឌូតើតេ ត្រូវបានគេមើលឃើញថាមានគោលនយោបាយការបរទេសស្រដៀងគ្នា នោះគឺចង់រក្សាទំនាក់ទំនងតុល្យភាព នៃទំនាក់ទំនងជាមួយចិន និងសហរដ្ឋអាមេរិក។ ដោយឡែក ជាការឆ្លើយតប លោករដ្ឋមន្ត្រីការបរទេសអាមេរិកបានអះអាងពីការប្ដេជ្ញាចិត្ត ចំពោះហ្វីលីពីន ហើយលោកផ្ទាល់ ជឿជាសម្ព័ន្ធភាពរវាងប្រទេសទាំង២ នឹងកាន់តែរឹងមាំ៕