(វ៉ាស៊ីនតោន)៖ កញ្ចប់ជំនួយយោធាបន្ថែមរបស់រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន សម្រាប់អ៊ុយក្រែនត្រូវបានគេរំពឹងថានឹងមានទំហំទឹកប្រាក់ ១ពាន់លានដុល្លារ ក្នុងនោះរួមបញ្ចូលទាំងគ្រាប់សម្រាប់ប្រព័ន្ធមីស៊ីល និងរថពាសដែកដឹកជញ្ជូន។ នេះបើតាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២។
ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីអាមេរិក៣រូប ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឱ្យដឹងទៀតថាកញ្ចប់ជំនួយ យោធាខាងលើអាចនឹងត្រូវបានប្រកាសនៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ។ ប៉ុន្តែលោក ចូ បៃដិន មិនទាន់បានចុះហត្ថលេខាលើកញ្ចប់ជំនួយយោធានេះឡើយ។ យ៉ាងណាក៏ដោយ ប្រសិនបើត្រូវបានចុះហត្ថលេខាមែន នោះកញ្ចប់យោធានេះនឹងមានទំហំ ១ពាន់លានដុល្លារ ក្នុងនោះរួមមានទាំងគ្រាប់ សម្រាប់ប្រព័ន្ធមីស៊ីល HIMARS និង NASAMS ព្រមទាំងរថពាសដែកដឹកជញ្ជូនផងដែរ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានផ្ដល់ជំនួយយោធាក្នុងទំហំទឹកប្រាក់ជាង ៨.៨ពាន់លានដុល្លារ ហើយសម្រាប់អ៊ុយក្រែន ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពី ថ្ងៃទី២៤ ខែកុម្ភៈមក ហើយជំនួយខាងលើនឹងក្លាយជាកញ្ចប់ជំនួយយោធាធំបំផុតក្នុងពេលបច្ចុប្បន្ន ប្រសិនជាវាត្រូវបានអនុម័តមែននោះ៕