(ហ៊ីរ៉ូស៊ីម៉ា)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែររ៉ែស (Antonio Guterres) នៅថ្ងៃសៅរ៍នេះបាននិយាយថាមនុស្សជាតិកំពុង ប្រឈមមុខនឹងស្ថានការណ៍ដ៏គ្រោះថ្នាក់ ខណៈវិបត្តិជាច្រើនដែលអាចបង្កជាគ្រោះមហន្តរាយនុយក្លេអ៊ែរ កំពុងរីកសាយភាយនៅទូទាំងពិភពលោក។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២។
លោក ហ្គូទែររ៉ែស ធ្វើការកត់សម្គាល់បែបនេះ នាឱកាសដែលលោកចូលរួមការប្រារព្ធខួបលើកទី៧៧ នៃការទម្លាក់គ្រាប់នុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក លើទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន។ ថ្លែងនាឱកាសនោះ ប្រមុខ UN រូបនេះក៏បានព្រមានដែរពីហានិភ័យនៃជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន មជ្ឈិមបូព៌ា និងតំបន់ ឧបទ្វីបកូរ៉េ ដែលលោកអះអាងថាសុទ្ធតែជាកន្លែងដែលប្រឈមមុខខ្ពស់នឹងគ្រោះមហន្តរាយនុយក្លេអ៊ែរ។ លោក ហ្គូទែររ៉ែស បានគូសបញ្ជាក់បន្ថែមដូច្នេះថា «មនុស្សរាប់ម៉ឺននាក់ត្រូវបានសម្លាប់នៅក្នុងទីក្រុងនេះ (ហ៊ីរ៉ូស៊ីម៉ា) ក្នុងមួយពព្រិចភ្នែក ...ដូច្នេះថាតើយើងទាំងអស់គ្នាបានរៀនអ្វីខ្លះពីមេរៀនដែលបានកើតឡើង លើទីក្រុងនេះ»។
គួរបញ្ជាក់ថា មនុស្សច្រើនជាង ១៤០,០០០នាក់ បានស្លាប់ នៅពេល និងក្រោយ ទីក្រុងហ៊ីរ៉ូស៊ីម៉ារងការវាយប្រហារទម្លាក់គ្រាប់បែកពីសំណាក់សហរដ្ឋអាមេរិក នៅថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៤៥ ហើយក្នុងចំណោមអ្នកស្លាប់ទាំងនេះរាប់បញ្ចូលទាំងអ្នកដែលស្លាប់ដោយសារធាតុវិទ្យុសកម្ម៕