(កាប៊ុល)៖ ប្រជាជនអាហ្វហ្គានីស្ថានរាប់រយនាក់ បានកាន់បដាប្រឆាំងអាមេរិក ដើម្បីតវ៉ាប្រឆាំងនឹងការវាយប្រហារដោយយន្តហោះដ្រូនរបស់សហរដ្ឋអាមេរិក ដែលទីក្រុងវ៉ាស៊ីនតោននិយាយថា បានសម្លាប់មេដឹកនាំក្រុមអាល់កៃដា អៃម៉ាន់ អាល់ហ្សាវ៉ាហ៊ីរី (Ayman al-Zawahiri) ក្នុងខែនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Arab News នៅថ្ងៃសុក្រ ទី០៥ ខែសីហា ឆ្នាំ២០២២។
ការតវ៉ាបានផ្ទុះឡើង មួយថ្ងៃបន្ទាប់ពីក្រុមតាលីបង់បាននិយាយថា រដ្ឋាភិបាលរបស់ពួកគេមិនមានព័ត៌មានអំពីការចូល និងការរស់នៅរបស់ លោក អាល់ហ្សាវ៉ាហ៊ីរី នៅក្នុងរដ្ឋធានីកាប៊ុលទាល់តែសោះ ហើយបានព្រមានសហរដ្ឋអាមេរិកកុំឲ្យមានការវាយប្រហារម្តងទៀតលើទឹកដីអាហ្វហ្គានីស្ថាន។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃចន្ទសប្ដាហ៍នេះបាននិយាយថា មេដឹកនាំអាល់កៃដា អៃម៉ាន់ អាល់ហ្សាវ៉ាហ៊ីរី (Ayman al-Zawahiri) ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសមួយរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅ ហើយដែលនេះជាការបាត់បង់ធំបំផុតរបស់អាល់កៃដា ចាប់តាំងពីអូសាម៉ា ប៊ីន ឡាដិន (Osama bin Laden) ត្រូវបានសម្លាប់កាលពីឆ្នាំ២០១១មក៕