(មូស្គូ)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡារ៉ូវ (Sergei Lavrov) បាននិយាយនៅថ្ងៃសុក្រនេះថា លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សា ពីការដោះដូរអ្នកទោសជាមួយទីក្រុងវ៉ាស៉ីនតោន តាមរយៈច្រកផ្លូវការទូតដែលមានស្រាប់ គឺមួយថ្ងៃបន្ទាប់ពីតារាបាល់បោះជនជាតិអាមេរិក នាង ប្រីតនីយ៍ ហ្រ្គីនឺ (Brittney Griner) ត្រូវបានកាត់ទោសនៅក្នុងប្រទេសរុស្ស៉ី ឲ្យជាប់ពន្ធនាគារ៩ឆ្នាំ ពីបទល្មើសគ្រឿងញៀន។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២។
លោក ឡារ៉ូវ បានថ្លែងយ៉ាងដូច្នេះថា «យើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីពិភាក្សាអំពីប្រធានបទនេះ ប៉ុន្តែនៅក្នុងក្របខណ្ឌដែលទទួលបានការយល់ព្រមពី លោក ពូទីន និងលោក បៃដិន។ ប្រសិនបើអាមេរិកសម្រេចចិត្តម្តងទៀត ដោយងាកទៅរកមធ្យោបាយការទូតសាធារណៈ នោះវាជាការសម្រេចរបស់ពួកគេ ហើយខ្ញុំថែមទាំងអាចនិយាយបានថា វាជាបញ្ហារបស់ពួកគេ»។
កន្លងទៅ វិមានក្រឹមឡាំង ធ្លាប់បានព្រមានសហរដ្ឋអាមេរិក ប្រឆាំងនឹងការចេញសេចក្តីថ្លែងការណ៍ជាសាធារណៈ ឬការគំរាមកំហែង ដើម្បីទទួលបានការចាប់អារម្មណ៍ពីប្រទេសមួយផ្សេងទៀត សំដៅសម្រេចនូវអ្វីដែលខ្លួនចង់បាន។ បញ្ហារបស់ នាង Brittney Griner ដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ហៅថាជារឿងដែលមិនអាចទទួលយកបាននោះ អាចនឹងត្រួសត្រាយផ្លូវ សម្រាប់ការផ្លាស់ប្តូរអ្នកទោសអាមេរិក-រុស្ស៊ី គឺអត្តពលិក អាយុ៣១ឆ្នាំរូបនេះ ជាមួយឈ្មួញអាវុធរុស្ស៊ីដ៏ធំម្នាក់។
គួរបញ្ជាក់ថា Brittney Griner គឺជាម្ចាស់មេដាយមាសអូឡាំពិក ២សម័យកាល និងជាតារានៃសមាគមកីឡាបាល់បោះស្រ្តី ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែកុម្ភៈ ក្នុងទីក្រុងមូស្គូ ជាមួយនឹងសារធាតុញៀនដែលអាជ្ញាធររុស្ស៉ី អះអាងថាខុសច្បាប់៕