(ប៉េកាំង)៖ ក្រសួងការបរទេសចិន បានប្រកាសនៅថ្ងៃសុក្រនេះថា ចិនបានសម្រេចចិត្តដាក់ទណ្ឌកម្មទៅលើ ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី (Nancy Pelosi) ព្រមទាំងសមាជិកគ្រួសាររបស់លោកស្រី ជាការឆ្លើយតបចំពោះ អ្វីដែលទីក្រុងប៉េកាំងចាត់ទុកថាជា «សកម្មភាពបង្កហេតុយ៉ាងគ្រោះថ្នាក់» របស់លោកស្រី តាមរយៈការមកបំពេញទស្សនកិច្ចនៅតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២។
អ្នកនាំពាក្យមួយរូបនៃក្រសួងការបរទេសចិន បានចេញសេចក្តីថ្លែងការណ៍ដូច្នេះថា «ដោយមិនអើពើពីក្តីបារម្ភយ៉ាងពិតប្រាកដ និងការជំទាស់យ៉ាងដាច់អហង្ការរបស់ចិន លោកស្រី ផេឡូស៉ី នៅតែបានចចេសមកបំពេញទស្សនកិច្ច នៅតៃវ៉ាន់ ដែលជាទង្វើលូកលាន់ជាខ្លាំងចំពោះ កិច្ចការផ្ទៃក្នុងរបស់ចិន ហើយប៉ះពាល់ធ្ងន់ធ្ងរដល់អធិបតេយ្យ និងបូរណភាពទឹកដីរបស់ចិន»។ អ្នកនាំពាក្យចិនរូបនោះបានបន្តថា សកម្មភាពរបស់លោកស្រី ផេឡូស៉ី ក៏ជាន់ឈ្លីផងដែរនូវគោលនយោបាយចិនតែមួយ ព្រមទាំងបង្កការគំរាមកំហែងដល់ សុខសន្តិភាពនិងស្ថិរភាព នៃតំបន់ច្រកសមុទ្រតៃវ៉ាន់ថែមទៀតផង។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៉ី មកកាន់តៃវ៉ាន់ កាលពីថ្ងៃអង្គារ-ពុធសប្តាហ៍នេះ គឺជាលើកដំបូងបំផុត ដែលមន្រ្តីជាន់ខ្ពស់អាមេរិក មានឋានៈជាប្រធានសភាតំណាងរាស្រ្ត បានមកជាន់ដីដែនកោះនេះ គិតក្នុងរយៈពេល២៥ឆ្នាំចុងក្រោយ៕