(ប៉េកាំង)៖ កាលពីថ្ងៃទី៣ ខែសីហា លោកស្រី Nancy Pelosi ប្រធានសភាតំណាងរាស្ត្រអាមេរិក បានបញ្ចប់ដំណើរទស្សនកិច្ចនៅតំបន់ចិនតៃវ៉ាន់។ ក្នុងអំឡុងពេលនៅតំបន់តៃវ៉ាន់ លោកស្រីបាននិយាយតែផ្តេសតែផ្តាស ម្តងហើយម្តងទៀត ក្នុងនោះ ពាក្យសម្តីខុសឆ្គងពាក់ព័ន្ធនឹងប្រទេសចិន គឺការលើកយកអ្វីដែលហៅថា «ច្បាប់ទំនាក់ទំនងជាមួយតៃវ៉ាន់» ធ្វើជាលេសដោយបានអះអាងថា «សហរដ្ឋអាមេរិកបានសន្យាយ៉ាងមុតមាំចំពោះតៃវ៉ាន់ ហើយនឹងឈរនៅជាមួយតៃវ៉ាន់» ជាដើម។

ដោយឡែកនៅថ្ងៃទី២ ខែសីហានេះ លោកស្រីបានចុះផ្សាយអត្ថបទនៅកាសែត «The Washington Post» នៃអាមេរិក ដោយលើកឡើងនូវអ្វីដែលហៅថា «ច្បាប់ទំនាក់ទំនងជាមួយតៃវ៉ាន់» និង «ការធានាចំពោះតៃវ៉ាន់ចំនួន ៦ចំណុច» ដើម្បីដោះសារពីទំនួលខុសត្រូវ នៃទង្វើបំពេញទស្សនកិច្ចរបស់ខ្លួន ដោយបានអះអាងថា នេះមិនបានល្មើសគោលការណ៍ចិនតែមួយ របស់សហរដ្ឋអាមេរិកនោះទេ។

សូមបញ្ជាក់ថា នេះគឺជាទង្វើដ៏អាក្រក់មួយទៀត របស់សហរដ្ឋអាមេរិក ដែលបានបំភ្លៃគោលការណ៍ចិនតែមួយ ជាបន្តបន្ទាប់។ តាមពិតទៅ អ្វីដែលហៅថា «សេចក្តីព្រាងច្បាប់» និង «ការធានា» ដែលលើកឡើងដោយលោកស្រី Nancy Pelosi សុទ្ធតែបានប្រឌិតឡើង ដោយឯកតោភាគីដោយអាមេរិក ដែលបានបំពានលើពាក្យសន្យារបស់អាមេរិក ក្នុងការកំណត់នៃសេចក្តីប្រកាសរួមទាំង៣ រវាងចិននិងអាមេរិក ក៏ដូចជាបានល្មើសគោលការណ៍ប្រទេសចិនតែមួយ ដែលសហគមន៍អន្តរជាតិបានគោរពជាទូទៅ។

មិនថា លោកស្រី Nancy Pelosi ដោះសារដោយផ្តេសផ្តាសយ៉ាងណាក៏ដោយ ក៏វាសុទ្ធតែមិនអាចបិទបាំង មុខមាត់អាក្រក់របស់ខ្លួន ដែលស្វែងរកតែផលប្រយោជន៍ផ្ទាល់ខ្លួន ជាន់ឈ្លីលើពាក្យសន្យាជាតិរបស់អាមេរិកតាមតែទំនើងចិត្ត ក៏ដូចជាធ្វើឱ្យអាមេរិកបាត់បង់ទំនុកចិត្ត ពីប្រទេសដទៃនោះទេ មិនថា លោកស្រី Nancy Pelosi ដោះសារដោយផ្តេសផ្តាស យ៉ាងណាក៏ដោយ ក៏វាសុទ្ធតែមិនអាចកែប្រែការពិតជាក់ស្តែង ដែលបណ្តាលឱ្យមានគ្រោះថ្នាក់យ៉ាងខ្លាំង ចំពោះសន្តិភាពនៃត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់ ទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិក និងសណ្តាប់ធ្នាប់អន្តរជាតិនោះទេ មិនថា លោកស្រី Nancy Pelosi ឃោសនាបំប៉ោងយ៉ាងណាក្តី ក៏វាសុទ្ធតែមិនអាចលាក់ទុកធាតុពិត នៃការដែលអាមរិកបានក្លាយជា «អ្នកបង្កបញ្ហា» នៃទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិក ក៏ដូចជាក្លាយជា «អ្នកបំផ្លាញធំជាងគេ» នៃសន្តិភាពនិងស្ថិរភាព នៃត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់។

មជ្ឈដ្ឋានខាងក្រៅ បានកត់សម្គាល់ឃើញថា បន្ទាប់ពីលោកស្រី Nancy Pelosi បានទៅបំពេញទស្សនកិច្ច នៅតំបន់ចិនរួចមក ផ្នែកយោធាចិនបានប្រកាសថា នឹងធ្វើសមយុទ្ធចម្រុះនៅលំហសមុទ្រ និងលំហអាកាសជុំវិញកោះតៃវ៉ាន់ ហើយក្រសួងនិងស្ថាប័នរដ្ឋាភិបាលចិនមួយចំនួន ក៏បានប្រកាសជាបន្តបន្ទាប់ នូវការចាត់វិធានការតបតវិញផងដែរ។ នេះគឺជាវិធានការដ៏ចាំបាច់របស់ប្រទេសចិន ដើម្បីគាំពារអធិបតេយ្យភាព និងបូរាណភាពទឹកដីជាតិ ដែលប្រកបដោយត្រឹមត្រូវ និងសមហេតុផល។

អាមេរិកនិងតំបន់តៃវ៉ាន់ឃុបឃិតគ្នា និងលេងល្បែងនយោបាយ បានរំលោភលើផលប្រយោជន៍ស្នូលរបស់ចិន និងបំផ្លាញយ៉ាងធ្ងន់ធ្ងរចំពោះ សន្តិភាពនិងស្ថិរភាព ក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ វាប្រាកដជានឹងបង់តម្លៃជាក់ជាមិនខាន ។
គួរបញ្ជាក់ដែរថា តៃវ៉ាន់គឺជាតៃវ៉ាន់របស់ចិន ទីបំផុតគង់តែនឹងត្រឡប់មកមាតុប្រទេសចិនវិញ ជាក់ជាមិនខាន។ ចំណុចស្នូលនៃសន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ គឺ គោលការណ៍ចិនតែមួយ ហើយ «របងការពារ» ដ៏ពិតប្រាកដសម្រាប់ការរួមរស់នៅ ដោយសន្តិភាពរវាងចិន និងអាមេរិក គឺជាសេចក្តីថ្លែងការណ៍រួមទាំងបី។

«ការពឹងផ្អែកលើសហរដ្ឋអាមេរិកដើម្បីស្វែងរកឯករាជ្យ» គឺជាផ្លូវទាល់ច្រក «ការទប់ស្កាត់ប្រទេសចិនដោយយក បញ្ហាតៃវ៉ាន់ធើ្វជាលេស» ប្រាកដជានឹងទទួលបរាជ័យជាក់ជាមិនខាន។ នៅចំពោះមុខសច្ចភាពរបស់ប្រជាជាតិចិន ស្តីពីការបង្រួបបង្រួមជាតិ ជនជាតិចិនមានឆន្ទៈដែលមិនជឿរឿងអបិយជំនឿ មិនខ្លាចខ្មោច មានឆន្ទៈដែលបំភិតបំភ័យ និងគាបសង្កត់បែបណាក៏មិនដួលរលំ មានការប្តេជ្ញាចិត្តក្នុងការរួបរួមសាមគ្គីគ្នា ព្រមនិងមានសមត្ថភាពគាំពារយ៉ាងមុតមាំ នូវអធិបតេយ្យភាពជាតិ និងសេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន