(ប៉េកាំង)៖ ថ្ងៃទី២ ខែសីហា លោកស្រី Pelosi ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក មិនអើពើនឹងការប្រឆាំងយ៉ាងដាច់ខាត និងការតវ៉ាយ៉ាងម៉ឺងម៉ាត់របស់ប្រទេសចិន ហើយទៅបំពេញទស្សនកិច្ចនៅតំបន់តៃវ៉ាន់ ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាត និងថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះរឿងនេះ ដោយបានលើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់ និងការប្រឆាំងយ៉ាងខ្លាំងក្លា ចំពោះសហរដ្ឋអាមេរិក។

ប្រវត្តិសាស្រ្តនៃបញ្ហាតៃវ៉ាន់គឺច្បាស់លាស់ណាស់ ការពិតនិងស្ថានការណ៍នៃត្រើយទាំងសងខាងគឺចិនតែមួយ។ សេចក្តីប្រកាសរួមទាំង៣ រវាងចិននិងសហរដ្ឋអាមេរិកគឺជា កិច្ចសន្យានយោបាយរបស់ភាគីទាំងពីរ គោលនយោបាយប្រទេសចិនតែមួយ គឺជាមូលដ្ឋាននយោបាយនៃទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក។ ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះ កម្លាំងអបគមន៍ចង់ឱ្យតៃវ៉ាន់ឯករាជ្យ និងកម្លាំងជ្រៀតជ្រែកពីខាងក្រៅ ដាច់ខាតមិនអនុញ្ញាតឱ្យកម្លាំងអបគមន៍ ចង់ឱ្យតៃវ៉ាន់ឯករាជ្យតាមមធ្យោបាយណាមួយ ធ្វើអ្វីតាមទំនើងចិត្តឡើយ។

តៃវ៉ាន់គឺជាផ្នែកមួយ ដែលមិនអាចកាត់ផ្តាច់ចេញពីទឹកដី របស់ប្រទេសចិននោះទេ។ ខែមេសាឆ្នាំ១៨៩៥ ប្រទេសជប៉ុនធ្វើសង្គ្រាមឈ្លានពានប្រទេសចិន បានបង្ខំឱ្យរដ្ឋាភិបាលរជ្ជកាល Qing ចុះហត្ថលេខាលើ «សន្ធិសញ្ញា Shimonoseki» ដែលគ្មានសមភាព ហើយកាន់កាប់តៃវ៉ាន់។ ខែកក្កដាឆ្នាំ១៩៣៧ ប្រទេសជប៉ុនធ្វើសង្គ្រាមឈ្លានពានប្រទេសចិនទាំងមូល។

ខែធ្នូឆ្នាំ១៩៤១ រដ្ឋាភិបាលចិនបានប្រកាសចំពោះ ប្រទេសនានាតាមរយៈ «សេចក្តីប្រកាសស្តីពីប្រទេសចិនប្រកាសសង្គ្រាម ជាមួយប្រទេសជប៉ុន» ប្រទេសចិនលុបចោលសន្ធិសញ្ញា កិច្ចព្រមព្រៀងនិងកិច្ចសន្យានៃទំនាក់ទំនងរវាងចិននិងជប៉ុន ដែលពាក់ព័ន្ធទាំងឡាយក្នុងនោះបូករួមទាំង «សន្ធិសញ្ញា Shimonoseki» ហើយបានយកតៃវ៉ាន់មកវិញ។ ខែធ្នូឆ្នាំ១៩៤៣ «សេចក្តីថ្លែងការណ៍ Cairo» ដែលប្រកាសដោយរដ្ឋាភិបាលប្រទេសទាំង៣ គឺចិន សហរដ្ឋអាមេរិកនិងអង់គ្លេសបានកំណត់ថា ប្រទេសជប៉ុនត្រូវប្រគល់ទឹកដីដែលទន្ទ្រានពីប្រទេសចិនក្នុងនោះរួមទាំងទឹកដីភាគឦសាន តៃវ៉ាន់និងប្រជុំកោះ Penghu ជាដើមឱ្យប្រទេសចិនវិញ ។

ឆ្នាំ១៩៤៥ «សេចក្តីប្រកាស Potsdam» ដែលចុះហត្ថលេខាដោយប្រទេសចិនសហរដ្ឋអាមេរិក និងអង់គ្លេស ហើយក្រោយមកសហភាពសូវៀត ក៏ចូលរួមនោះបានកំណត់ថា «លក្ខន្តិកៈនៃ «សេចក្តីថ្លែងការណ៍ Cairo» ត្រូវអនុវត្តយ៉ាងដាច់ខាត»។ ខែសីហាឆ្នាំដដែលនោះ ប្រទេសជប៉ុនប្រកាសចុះចាញ់ ព្រមនិងសន្យាក្នុង «លក្ខន្តិកៈចុះចាញ់របស់ប្រទេសជប៉ុន» ថា «អនុវត្តដោយស្មោះត្រង់នូវកាតព្វកិច្ចនៃការកំណត់នានានៃ «សេចក្តីប្រកាស Potsdam»។ ថ្ងៃទី២៥ខែតុលា រដ្ឋាភិបាលចិនយកតៃវ៉ាន់និងប្រជុំកោះ Penghu មកវិញ ចាប់ផ្តើមមានអធិបតេយ្យភាពលើ តៃវ៉ាន់ឡើងវិញ។

ថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ ប្រជាជនចិនបានទទួលជ័យជម្នះដ៏អស្ចារ្យ ក្នុងបដិវត្តន៍ប្រជាធិបតេយ្យថ្មី និងបានបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដោយជំនួសរដ្ឋាភិបាលនៃសាធារណរដ្ឋចិន និងក្លាយជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ នៃប្រទេសចិនទាំងមូល ក៏ដូចជាតំណាងស្របច្បាប់តែមួយគត់លើផ្ទៃអន្តរជាតិ។ ចាប់ពីពេលនោះមកប្រវត្តិសាស្រ្តនៃសាធារណរដ្ឋចិនត្រូវបានបញ្ចប់។ នេះជាការផ្លាស់រដ្ឋអំណាចថ្មីក្រោមលក្ខខណ្ឌ ដែលតួអង្គសំខាន់នៃច្បាប់អន្តរជាតិ អធិបតេយ្យភាពនិងព្រំដែនទឹកដីរបស់ប្រទេសចិន មិនបានផ្លាស់ប្តូរដោយសាររឿងនេះទេ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលដែលមានអធិបតេយ្យភាព លើប្រទេសចិនទាំងមូល ដែលក្នុងនោះក៏បូករួមទាំងអធិបតេយ្យភាព លើកោះតៃវ៉ាន់ផងដែរ។

ចាប់តាំងពីក្រុមកាន់អំណាចនៃបក្សកុកម៉េងតាំងរបស់ចិន បានដកថយទៅកាន់តំបន់តៃវ៉ាន់មក ទោះបីជាពួកគេនៅតែបន្តប្រើឈ្មោះ «សាធារណរដ្ឋចិន» និង «រដ្ឋាភិបាលនៃសាធារណរដ្ឋចិន» ក៏ដោយ ប៉ុន្តែវាគ្មានសិទ្ធិប្រើប្រាស់អធិបតេយ្យភាពជាតិ ក្នុងនាមប្រទេសចិនតាំងពីយូរយារណាស់មកហើយ។ តាមពិតទៅ ពួកគេគ្រាន់តែជាអាជ្ញាធរមូលដ្ឋានមួយ លើទឹកដីប្រទេសចិនរហូតមកតែប៉ុណ្ណោះ។

រដ្ឋាភិបាលចិនដែលប្រកាន់ខ្ជាប់ នូវគោលជំហរយ៉ាងមុតមាំនិងគំនិតផ្តួចផ្តើមដ៏សមហេតុផល ស្តីពីគោលការណ៍ចិនតែមួយ ទទួលបានការយោគយល់ និងការគាំទ្រពីសំណាក់ប្រទេសនិងអង្គការអន្តរជាតិកាន់តែច្រើនឡើងៗ ហើយគោលការណ៍ចិនតែមួយ ត្រូវបានទទួលស្គាល់ជាទូទៅដោយសហគមន៍អន្តរជាតិ។

នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ១៩៧១ លោក Qiao Guanhua អតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន បានដឹកនាំគណៈប្រតិភូចិនបង្ហាញមុខ ក្នុងសាលសន្និសីទនៃអង្គការសហប្រជាជាតិ ជាលើកដំបូង។ សេចក្តីសម្រេចចិត្តលេខ ២៧៥៨ របស់មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តឱ្យសាធារណរដ្ឋប្រជាមានិតចិន មានអាសនៈស្របច្បាប់ឡើងវិញ នៅអង្គការសហប្រជាជាតិ។

សេចក្តីសម្រេចចិត្តលេខ២៧៥៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិទទួលស្គាល់ថា «តំណាងនៃរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន គឺជាតំណាងស្របច្បាប់តែមួយគត់ របស់ប្រទេសចិននៅក្នុងអង្គការសហប្រជាជាតិ»។ នេះបានដោះស្រាយបញ្ហាដែលថា តើអ្នកណាជាតំណាងនៃប្រទេសចិនទាំងមូល នៅអង្គការសហប្រជាជាតិ ដែលមិនអនុញ្ញាតឱ្យមានការបំបែកបំបាក់ដាច់ខាត។
ការិយាល័យកិច្ចការច្បាប់ នៃលេខាធិការដ្ឋានអង្គការសហប្រជាជាតិ ក៏បានបញ្ជាក់យ៉ាងច្បាស់ថា «អង្គការសហប្រជាជាតិសម្គាល់ថា តៃវ៉ាន់ ជាខេត្តមួយរបស់ប្រទេសចិន ដែលគ្មានឋានៈឯករាជ្យនោះទេ»។ សេចក្តីសម្រេចចិត្តលេខ២៧៥៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ បានទទួលស្គាល់ពីគោលការណ៍ចិនតែមួយ នៅក្នុងច្បាប់អន្តរជាតិ។

កាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ១៩៧៨ ប្រទេសចិន និងសហរដ្ឋអាមេរិកបានចេញសេចក្តីប្រកាស ស្តីពីការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក្នុងពេលដំណាលគ្នា។ នៅក្នុងសេចក្តីប្រកាសរួមនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានទទួលយកគោលការណ៍ចំនួនបី របស់ប្រទេសចិនសម្រាប់ការបង្កើតទំនាក់ទំនងការទូត ៖ ការផ្តាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ ការដកទ័ពនិបរិក្ខារយោធា និងការលុបចោលសន្ធិសញ្ញាអាមេរិក-Chiang។
ប្រទេសទាំងពីរបានប្រកាសថា ភាគីទាំងពីរបានទទួលស្គាល់គ្នាទៅវិញទៅមក ព្រមទាំងបង្កើតទំនាក់ទំនងការទូតផ្លូវការ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ១៩៧៩។ សហរដ្ឋអាមេរិកបានទទួលស្គាល់ថា «សាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ របស់ប្រទេសចិន» «មានប្រទេសចិនតែមួយគត់ តៃវ៉ាន់គឺជាផ្នែកមួយនៃប្រទេសចិន»

«សេចក្តីប្រកាសរួមនៃសាធារណរដ្ឋប្រជាមានិតចិន និងសហរដ្ឋអាមេរិកស្តីពីការបង្កើតទំនាក់ទំនងការទូត» ត្រូវគេហៅហាត់ជា «សេចក្តីប្រកាសស្តីពីការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិននិងអាមេរិក»។ សេចក្តីប្រកាសរួមចំនួន ៣ រវាងចិននិងអាមេរិក គឺមានទាំង «សេចក្តីប្រកាសស្តីពីការបង្កើតទំនាក់ទំនងការទូតរវាងចិននិងអាមេរិក», «សេចក្តីប្រកាសរួមនៃសាធារណរដ្ឋប្រជាមានិតចិននិងសហរដ្ឋអាមេរិក" (ហៅកាត់ថា «សេចក្តីប្រកាសក្រុងសៀងហៃ») ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ១៩៧២ ព្រមនិង «សេចក្តីប្រកាសរួមនៃសាធារណរដ្ឋប្រជាមានិតចិន និងសហរដ្ឋអាមេរិក» ដែលត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៨២ (ហៅកាត់ថា «សេចក្តីប្រកាស ១៧ សីហា»)។

នៅក្នុងសេចក្តីប្រកាសរួមទាំងបី សហរដ្ឋអាមេរិកបានសង្កត់ធ្ងន់ ស្តីពីការប្រកាន់ខ្ជាប់នូវគោលការណ៍ប្រទេសចិនតែមួយ នេះជាឯកសារប្រវត្តិសាស្ត្រដ៏សំខាន់មួយ រវាងប្រទេសទាំងពីរចិននិងសហរដ្ឋអាមេរិក ស្តីពីទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបញ្ហាចិនតៃវ៉ាន់។ នៅឆ្នាំ១៩៨៧ ការប្រាស្រ័យទាក់ទងរវាងបុគ្គលិក និងការផ្លាស់ប្តូរផ្នែកសេដ្ឋកិច្ច និងវប្បធម៌រវាងត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់បានអភិវឌ្ឍទន្ទឹមគ្នា។ ទោះជាយ៉ាងណាក៏ដោយ ភាពជាប់គាំងផ្នែកនយោបាយ នៃត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ នៅមិនទាន់បានដោះស្រាយទេ ហើយបញ្ហាបន្ទាប់បន្សំជាច្រើនដែលកើតចេញពី ការប្រាស្រ័យទាក់ទងរវាងសង្គមស៊ីវិល ត្រូវការការដោះស្រាយជាបន្ទាន់។

ដើម្បីជំរុញវឌ្ឍនភាពពិតប្រាកដនៃទំនាក់ទំនង រវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ និងបង្កើតផ្លូវទាក់ទងរវាងត្រើយទាំងសងខាង នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ១៩៩០ ភាគីចិនតៃវ៉ាន់បានបង្កើតមូលនិធិផ្លាស់ប្តូរគ្នា នៃច្រកសមុទ្រតៃវ៉ាន់ ។នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ១៩៩១ ចិនដីគោកបានបង្កើត សមាគមទំនាក់ទំនងត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់។

ពីថ្ងៃទី ២៧ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ១៩៩៣ លោក Wang Daohan ប្រធានសមាគមទំនាក់ទំនងត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់ និងលោក Gu Zhenfu ប្រធានមូលនិធិផ្លាស់ប្តូរគ្នានៃច្រកសមុទ្រតៃវ៉ាន់ បានជួបពិភាក្សាគ្នានៅប្រទេសសិង្ហបុរី។ ជនជាតិចិននៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ បានជ្រើសរើសយកការសន្ទនា ជំនួសការប្រឈមមុខដាក់គ្នា ដោះស្រាយការខ្វែងគំនិតតាមរយៈការទាក់ទងគ្នា និងជំរុញកិច្ចសហប្រតិបត្តិការតាមរយៈការចរចា។

សមាគមទំនាក់ទំនងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ និងមូលនិធិផ្លាស់ប្តូរគ្នានៃច្រកសមុទ្រតៃវ៉ាន់ ទទួលបានការអនុញ្ញាតឱ្យឈានដល់ «គំនិតឯកភាពរួមឆ្នាំ ១៩៩២» ដោយផ្ទាល់មាត់ស្តីពី «ត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ»

អត្ថន័យស្នូលនៃគំនិតឯកភាពរួមនេះគឺ «ត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ជារបស់ចិនតែមួយគត់ ហើយធ្វើការខិតខំរួមជាមួយគ្នាដើម្បីស្វែងរកការបង្រួបបង្រួមជាតិ»។ ដំណើរនិងខ្លឹមសារនៃ «គំនិតឯកភាពរួមឆ្នាំ ១៩៩២» ត្រូវបានកត់ត្រាក្នុងឯកសារយ៉ាងជាក់លាក់ ហើយគ្មានបុគ្គលណាឬកម្លាំងណាមួយអាចបដិសេធ បំភ្លៃឬមួលបង្កាច់វាបានឡើយ៕

វិទ្យុមិត្តភាពកម្ពុជាចិន