(ប៉េកាំង)៖ ការធ្វើដំណើរមកដល់កោះតៃវ៉ាន់កាលពីយប់ថ្ងៃអង្គារ របស់លោកស្រី ប៉េឡូស៊ី ប្រធានសភាសហរដ្ឋអាមេរិក បានធ្វើឲ្យស្ថានការណ៍នៅច្រកសមុទ្រតៃវ៉ាន់កើនកំដៅយ៉ាងខ្លាំង។ នេះគឺជាដំណើរទស្សនកិច្ចរបស់មន្ត្រីថ្នាក់ខ្ពស់បំផុត របស់សហរដ្ឋអាមេរិក មកកាន់កោះតៃវ៉ាន់ក្នុងរយៈពេល២៥ឆ្នាំនេះ។
ប្រជាជននៅទូទាំងពិភពលោកបានតាមដានព្រឹត្តិការណ៍នេះដោយក្ដីព្រួយបារម្ភ។ រដ្ឋាភិបាលចិនបានថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះដំណើរទស្សនកិច្ចនេះ ដោយសារដំណើរទស្សនកិច្ចនេះគឺជា ការរំលោភទៅលើអធិបតេយ្យភាពរបស់ប្រទេសចិន ដែលជាការប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះរដ្ឋាភិបាលចិន។ រដ្ឋាភិបាលចិន បានដាក់កងទ័ពឲ្យស្ថិតក្នុង ស្ថានភាពប្រុងជើងការប្រយុទ្ធខ្ពស់បំផុត កោះតៃវ៉ាន់និងសហរដ្ឋអាមេរិកក៏បានធ្វើដូចគ្នានេះដែរ ដែលនេះគឺជាស្ថានភាពគ្រោះថ្នាក់បំផុត សម្រាប់តំបន់និងពិភពលោកទាំងមូល។ ការយល់ច្រឡំ ការគណនាខុស ឬកំហុសដោយអចេតនាណាមួយ អាចនឹងធ្វើឲ្យសង្គ្រាមទ្រង់ទ្រាយធំ រវាងប្រទេសមហាអំណាចនុយក្លេអ៊ែរផ្ទុះឡើង ដែលនឹងបង្កគ្រោះមហន្តរាយធំធេងដែលគេមិនអាចគិតដល់។
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ យើងឃើញថាសហរដ្ឋអាមេរិក បានតាមរុកគួនបង្ករឿងដើម្បីដុតបញ្ឆេះកំហឹងរបស់ប្រទេសចិន តាមគ្រប់មធ្យោបាយ ទាំងផ្នែកសេដ្ឋកិច្ច នយោបាយ និងសន្តិសុខ។ ប៉ុន្តែជារៀងរហូតមក ប្រទេសចិនបានឆ្លើយតបដោយភាពអត់ធ្មត់ ប្រកបដោយភាពចាស់ទុំផ្នែកការទូត និងបង្ហាញនូវឆន្ទៈធ្វើការផ្សះផ្សានឹងស្ដារឡើងវិញ នូវទំនាក់ទំនងរបស់ខ្លួនជាមួយអាមេរិក ដែលធ្វើឲ្យស្ថានភាពនៃទំនាក់ទំនង រវាងចិននិងអាមេរិកហាក់ដូចជាមានស្ថេរភាពនឹងនរនាពេលថ្មីៗនេះ ហើយតាមរយៈកិច្ចសន្ទនាតាមទូរស័ព្ទនាពេលថ្មីៗនេះ រវាងប្រធានាធិបតីអាមេរិក ចូបៃដិន និងប្រធានាធិបតីចិន ស៊ី ជិនពីង គេរំពឹងថាប្រទេសមហាអំណាចទាំងពីរ អាចស្ដារឡើងវិញនូវទំនាក់ទំនងរបស់ពួកគេ ដែលនឹងផ្ដល់ផលល្អដល់ តំបន់និងពិភពលោកទាំងមូល។
ប៉ុន្តែសេចក្ដីសង្ឃឹមរបស់ពិភពលោក បានរលាយបាត់ភ្លាមៗ នៅពេលដែលយន្តហោះរបស់លោកស្រី ប៉េឡូស៊ី បានបត់ក្បាលតម្រង់ទៅកាន់កោះតៃវ៉ាន់ និងចុះចតនៅលើកោះតៃវ៉ាន់ កាលពីយប់ថ្ងៃអង្គារកន្លងទៅនេះ។ នណាក៏ដឹងដែរថា បញ្ហាកោះតៃវ៉ាន់គឺជារឿងរសើបបំផុត សម្រាប់ប្រទេសចិន និងជាបន្ទាត់ក្រហមដែលមិនអាចឆ្លងកាត់បាន សម្រាប់រដ្ឋាភិបាលចិន។
ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អាមេរិក ទៅកាន់កោះនេះ ដែលប្រៀបដូចជាការទទួលស្គាល់កោះនេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរ សម្រាប់ប្រទេសចិន។ វាមិនមែនជារឿងចៃដន្យនោះទេ តែនេះហាក់ដូចជាការប្រើប្រាស់ល្បិចថ្មីមួយទៀត ដើម្បីរុកគួនដុតបញ្ឆេះកំហឹងប្រទេសចិន ដោយសង្ឃឹមថាចិននឹងធ្វើការឆ្លើយតបដោយហិង្សា ដែលជាឱកាសសម្រាប់បស្ចិមលោក ធ្វើការវាយប្រហារប្រទេសចិន។
នេះគឺជាល្បិចដ៏ពិសពុលនិងឃោរឃៅ ដោយប្រើប្រាស់កោះតៃវ៉ាន់ធ្វើជានុយ ដើម្បីទាញប្រទេសចិនឲ្យធ្លាក់ចូល ក្នុងអន្ទាក់របស់ខ្លួន។ បើយើងពិនិត្យមើលតែមួយភ្លែត យើងអាចគិតថាអាមេរិកហាក់ដូចជា ស្រឡាញ់យកចិត្តទុកដាក់ចំពោះកោះតៃវ៉ាន់ ប៉ុន្តែប្រសិនបើយើងពិនិត្យមើលឲ្យបានស៊ីជម្រៅ យើងឃើញថានេះគឺជាល្បិចដ៏ពិសពុលឃោរឃៅ ដោយអាមេរិកមិនខ្លាចនឹងយកប្រជាជន នៅលើកោះតៃវ៉ាន់ជាង២០លាននាក់ មកធ្វើជាឧបករណ៍ដើម្បីបម្រើមហិច្ឆតារបស់ខ្លួន នោះឡើយ។
ជាការពិត គ្មានផលល្អណាមួយកើតឡើងពី ដំណើរទស្សនកិច្ចនេះសម្រាប់កោះតៃវ៉ាន់ នោះឡើយ។ កោះតៃវ៉ាន់នឹងមិនមានសុវត្ថិភាពជាងមុន ឬរីកចម្រើនរុងរឿងជាងមុន ដោយសារដំណើរទស្សនកិច្ចនេះ នោះឡើយ តែផ្ទុយទៅវិញរឿងរ៉ាវអាក្រក់ជាច្រើន នឹងកើតឡើងក្រោយពេលទស្សនកិច្ចនេះ ជាពិសេស គឺភាពតានតឹងនិងការប្រឈម ដោយយោធានៅជុំវិញកោះនេះ។
តាមរយៈសកម្មភាពរបស់សហរដ្ឋអាមេរិក ដែលបានធ្វើកន្លងមកចំពោះប្រទេសចិន និងដំណើរទស្សនកិច្ចដ៏ពិសពុលនេះ ពិភពលោកទាំងមូលអាចមើលឃើញយ៉ាងច្បាស់ថា អ្នកណាជាអ្នករុកគួនបង្ករឿងមុន អ្នកណាដែលមិនខ្វល់អំពីសន្តិភាព និងស្ថេរភាពនៅច្រកសមុទ្រកោះតៃវ៉ាន់ នៅក្នុងតំបន់ និងនៅលើពិភពលោកទាំងមូល។
ការឆ្លើយតបដោយអត់ធ្មត់ប្រកបដោយភាពចាស់ទុំរបស់ចិន ចំពោះការប្រមាថដ៏ធ្ងន់ធ្ងរនេះ គឺជាសំណាងរបស់ពិភពលោកទាំងមូល ប៉ុន្តែគេមិនដឹងថាតទៅមុខទៀត តើអាមេរិកនឹងប្រើប្រាស់ល្បិចអ្វីផ្សេងទៀត ដើម្បីទប់សង្កាត់ប្រទេសចិន ដែលនេះគឺជាក្ដីព្រួយបារម្ភធំបំផុត នាពេលអនាគត៕
អត្ថបទដោយ លោកសាស្រ្តាចារ្យបណ្ឌិត នាក់ ចិន្ដារិទ្ធិ នាយកមជ្ឈមណ្ឌលកម្ពុជាសម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ