(តៃប៉ិ)៖ នាថ្ងៃសុក្រនេះ ចិនបានបន្តការធ្វើសមយុទ្ធយោធាធំបំផុតរបស់ខ្លួន នៅជុំវិញកោះតៃវ៉ាន់ ខណៈក្រសួងការពារជាតិតៃវ៉ាន់ បានអះអាងថា យន្តហោះចម្បាំងនិងនាវាចម្បាំងចិនជាច្រើនគ្រឿង ត្រូវបានចល័តឱ្យឆ្លងខ្សែបន្ទាត់កណ្តាល នៃច្រកសមុទ្រតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Aljazeera នៅថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២។
ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា កំលុងការធ្វើសមយុទ្ធនាថ្ងៃសុក្រនេះ យន្តហោះចម្បាំង និងនាវាចម្បាំងជាច្រើនគ្រឿងរបស់ចិន បានធ្វើសមយុទ្ធនៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ហើយបានឆ្លងចូលខ្សែបន្ទាត់មេដ្យាននៃដែនទឹកនេះ ដែលស្ថិតនៅចន្លោះរវាងចិនដីគោក និងកោះតៃវ៉ាន់។
បើតាមក្រសួងការពារជាតិតៃវ៉ាន់ ខ្លួនបានចល័តយន្តហោះចម្បាំង នាវាចម្បាំង ព្រមទាំងដាក់ពង្រាយប្រព័ន្ធមីស៉ីល ដើម្បីឃ្លាំមើល ស្ថានការណ៍យ៉ាងដិតដល់។ ជាមួយគ្នានេះ ក្រសួងការពារជាតិតៃវ៉ាន់ បានហៅសកម្មភាពយោធារបស់ចិន ថាជាទង្វើបង្កហេតុយ៉ាងខ្លាំង ហើយបានអះអាងថា យោធាតៃវ៉ាន់នឹងបន្តពង្រឹងសមត្ថភាពត្រៀមការពារខ្លួន។
គួរបញ្ជាក់ថា ការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់ចិន កើតមានឡើង បន្ទាប់ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី (Nancy Pelosi) បានមកធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់ កាលពីថ្ងៃអង្គារ-ពុធសប្តាហ៍នេះ ដោយមិនអើពើចំពោះ ការព្រមានរបស់ទីក្រុងប៉េកាំង។ សម្រាប់កំលុងសកម្មភាពធ្វើសមយុទ្ធ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ យោធាចិនបានបាញ់ផ្លោងមីស៉ីលបាលីស្ទីគ ជាច្រើនគ្រាប់ រំលងកោះតៃវ៉ាន់ ទៅធ្លាក់ចូលក្នុងទឹកសមុទ្រ ហើយចល័តយន្តហោះជាច្រើនគ្រឿង រួមមានទាំង យន្តហោះចម្បាំងនិងយន្តហោះទម្លាក់គ្រាប់បែក៕