(សេអ៊ូល)៖ នៅថ្ងៃសុក្រនេះ យានផ្កាយរណបដំបូងបំផុត របស់ប្រទេសកូរ៉េខាងត្បូង ដែលនឹងធ្វើដំណើរទៅគោចរជុំវិញឋានព្រះចន្ទ ត្រូវបានបាញ់បង្ហោះចេញពីផែនដី ដោយជោគជ័យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yonhap នៅថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២។
ក្រសួងវិទ្យាសាស្រ្តកូរ៉េខាងត្បូងបានឱ្យដឹងថា យានអវកាសខាងលើ ដែលមានឈ្មោះថា ដានូរី (Danuri) បានភ្ជាប់ការទាក់ទង ដោយជោគជ័យជាមួយ ស្ថានីយគ្រប់គ្រងមួយកន្លែង របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ដែលស្ថិតនៅទីក្រុងកង់បេរ៉ា នៃប្រទេសអូស្រ្តាលី កាលពីវេលាម៉ោង ៩៖៤០នាទីព្រឹក (ម៉ោងនៅទីក្រុងសេអ៊ូល) គឺរយៈពេលប្រហែល៩០នាទី ក្រោយពី វាត្រូវបានបាញ់បង្ហោះ តាមគ្រាប់រ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុនអវកាសឯកជនអាមេរិក SpaceX ចេញពីទឹកដីសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា បន្ទាប់ពីទៅដល់ទីអវកាស ការធ្វើដំណើររបស់យាន Danuri ឆ្ពោះទៅកាន់ឋានព្រះចន្ទ ត្រូវគេរំពឹងថា នឹងប្រើរយៈពេល ៤ខែកន្លះ។ វាគឺជាបេសកកម្មអវកាសដំបូងបំផុតរបស់កូរ៉េខាងត្បូង ដែលធ្វើដំណើរទៅហួសឆ្ងាយពីគន្លងរបស់ភពផែនដី។ មកទល់ឥឡូវ មានតែប្រទេសចំនួន៦ប៉ុណ្ណោះ គឺសហរដ្ឋអាមេរិក ចិន ជប៉ុន ឥណ្ឌា សហភាពអឺរ៉ុប និងអតីតសហភាពសូវៀត (រុស្ស៉ី) ដែលបានទទួលជោគជ័យ ក្នុងការបញ្ជូនយានផ្កាយរណប ឬក៏យានចុះចត ទៅកាន់ឋានព្រះចន្ទ។ ហេតុដូច្នេះហើយ ប្រសិនបើយាន Danuri ទៅដល់គោលដៅនៅក្បែរព្រះចន្ទ តាមការគ្រោងទុកនៅចុងខែធ្នូ ឆ្នាំ២០២២នេះ កូរ៉េខាងត្បូងនឹងក្លាយជាប្រទេសទី៧៕