(យូអិន)៖ អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថាកូរ៉េខាងជើង បានត្រៀមការរៀបចំជាច្រើន សម្រាប់ការធ្វើតេស្តនុយក្លេអ៊ែរជាថ្មីទៀត ក្នុងកំលុង ៦ខែដំបូងនៃឆ្នាំ២០២២នេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២។
Reuters ដោយផ្អែកលើរបាយការណ៍មួយរបស់ UN បានឲ្យដឹងទៀតថា ក្រុមអ្នកឃ្លាំមើលទណ្ឌកម្មឯករាជ្យ បានរាយការណ៍ទៅកាន់គណៈកម្មាធិការដាក់ ទណ្ឌកម្មកូរ៉េខាងជើងរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ យ៉ាងដូច្នេះថា «ការងារនៅឯទីតាំងសាកល្បងនុយក្លេអ៊ែរ ផុងហ្គី រី (Punggye-ri) ត្រូវបានមើលឃើញថាកំពុងត្រួសត្រាយផ្លូវ សម្រាប់ការធ្វើតេស្តនុយក្លេអ៊ែរបន្ថែមទៀត»។
កូរ៉េខាងជើងបានបន្តអភិវឌ្ឍសមត្ថភាពរបស់ខ្លួន សម្រាប់ការផលិតវត្ថុធាតុដើមនុយក្លេអ៊ែរ នៅឯរោងចក្រ យុងប៊ីយុន (Yongbyon) ដែលជាជារោងចក្រ នុយក្លេអ៊ែរដ៏សំខាន់របស់កូរ៉េខាងជើង ដែលដំណើរការម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរដំបូងរបស់ខ្លួន។
យ៉ាងណាក៏ដោយ បេសកជនកូរ៉េខាងជើងប្រចាំ UN នៅទីក្រុងញូវយ៉ក មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញរបាយការណ៍ របស់អង្គការសហប្រជាជាតិខាងលើនេះទេ។
គួរបញ្ជាក់ថា រយៈពេលជាច្រើនឆ្នាំមកនេះ កូរ៉េខាងជើងត្រូវបានហាមប្រាមពីការសាកល្បងនុយក្លេអ៊ែរ និងការបាញ់មីស៊ីលផ្លោងដោយក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដែលបានពង្រឹងការដាក់ទណ្ឌកម្មលើទីក្រុងព្យុងយ៉ាង ដើម្បីព្យាយាម និងកាត់ផ្តាច់មូលនិធិសម្រាប់កម្មវិធីទាំងនោះ។ កូរ៉េខាងជើង មិនបានធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើយ ចាប់តាំងពីឆ្នាំ២០១៧មក៕