(តូក្យូ)៖ ជប៉ុន និងសហរដ្ឋអាមេរិក នៅថ្ងៃសុក្រនេះ បានព្រមព្រៀងដើម្បីធ្វើការជាមួយគ្នាលើការរក្សាសន្តិភាព ស្ថិរភាព នៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ ដែលកំពុងមានភាពតានតឹងកាន់តែខ្លាំងឡើង ចំពោះមុខការធ្វើសមយុទ្ធយោធាមិនធ្លាប់មានពីមុនមករបស់ប្រទេសចិន រួមទាំងបញ្ហាមីស៉ីល ៥គ្រាប់ដែល ធ្លាក់នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២។
ការព្រមព្រៀងគ្នានេះខាងលើនេះធ្វើឡើងកំលុងពេលដែលលោកស្រី ផេឡូស៉ី បានជួបជាមួយនាយករដ្ឋមន្ត្រី លោក ហ្វូមីអុ គីស៉ីដា (Fumio Kishida) នៅឯវិមានរដ្ឋាភិបាល។ លោក គីស៉ីដា បានគូសបញ្ជាក់ថា «ខ្ញុំបានជូនដំណឹងដល់លោកស្រី ផេឡូស៉ី ថាវាជាការពិតដែលមីស៉ីលផ្លោងរបស់ចិនបានធ្លាក់ នៅជិតដែនទឹករបស់ជប៉ុន រួមទាំងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ EEZ ដែលវាបានគំរាមកំហែងដល់សុវត្ថិភាព និងសន្តិសុខជាតិរបស់យើង ហើយជប៉ុនថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពបែបនេះ»។
លោក គីស៉ីដា បានបន្ថែមថា «យើងក៏បានបញ្ជាក់ពីការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់ ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់មួយផងដែរ»។
គួរបញ្ជាក់ថា ភាពតានតឹងរវាងជប៉ុន និងចិនបានកើនឡើងដល់ចំណុចមួយទៀត កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រោយចិនបានសម្រេចលុបចោល កិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ដែលគ្រោងនឹងធ្វើឡើងនៅខាងក្រៅកិច្ចប្រជុំអាស៊ាន ដោយសារតែការមិនពេញចិត្តចំពោះ សេចក្តីថ្លែងការណ៍របស់ក្រុមប្រទេស G7 ពាក់ព័ន្ធនឹងតៃវ៉ាន់៕